កូរ៉េខាងត្បូង ពិចារណា​ពង្រីកការព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ ខណៈ​ករណីថ្មីកើនឡើងដល់​៧,០០០នាក់ក្នុងមួយថ្ងៃ
អន្តរជាតិ
338

សេអ៊ូល៖ មន្ត្រីសុខាភិបាលបាននិយាយនៅថ្ងៃពុធ (ទី៨ ខែធ្នូ) ថា ប្រទេសកូរ៉េខាងត្បូង នឹងពិចារណាលើការពង្រីកការព្យាបាលតាមផ្ទះរបស់អ្នកជំងឺកូវីដ១៩ ខណៈដែលទាំងការឆ្លងប្រចាំថ្ងៃថ្មី និងករណីធ្ងន់ធ្ងរបានកើនឡើងដល់កម្រិតខ្ពស់ ដែលធ្វើឲ្យសមត្ថភាពមន្ទីរពេទ្យស្ថិតនៅក្រោមភាពតានតឹង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

ករណីឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែនេះ បន្ទាប់ពីរដ្ឋាភិបាលបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹង ក្រោមអ្វីដែលគេហៅថា«ការរស់នៅជាមួយកូវីដ១៩ តាមគន្លងថ្មី»​នៅក្នុងខែវិច្ឆិកា។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានរាយការណ៍ករណីឆ្លងវីរុសថ្មីចំនួន ៧,១៧៥ករណី និងការស្លាប់ចំនួន ៦៣នាក់ សម្រាប់ថ្ងៃអង្គារម្សិលមិញ ដែលជាលើកទីមួយនៃការឆ្លងប្រចាំថ្ងៃបានកើនឡើងដល់៧,០០០នាក់ ខណៈមន្ទីរពេទ្យបានព្យាបាលករណីធ្ងន់ធ្ងរ និងធ្ងន់ធ្ងរបំផុតចំនួន ៨៤០​​។

លោក Son Young-rae មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានប្រាប់សន្និសីទសារព័ត៌មានថា «រដ្ឋាភិបាល អាចនឹងត្រូវធ្វើការកែសម្រួលយ៉ាងសំខាន់ ចំពោះប្រព័ន្ធថែទាំសុខភាព ប្រសិនបើករណីប្រចាំថ្ងៃលើសពី ១០,០០០ ហើយពិចារណាពង្រីកការព្យាបាលនៅតាមផ្ទះ ពីប្រហែល៥០​ភាគរយនាពេលបច្ចុប្បន្ន ដោយសារអ្នកជំងឺ ៤/៦ នៃអ្នកជំងឺ កូវីដ១៩ មិនមានរោគសញ្ញា ឬមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ។​

រហូតមកដល់ពេលនេះ ប្រទេសនេះបានរាយការណ៍ថា មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន​៤៨៩,៤៨៤​ករណី ដោយមានអ្នកស្លាប់ចំនួន​៤,០២០ នាក់។ ទិន្នន័យ KDCA បានបង្ហាញថា ការ​ចាក់វ៉ាក់សាំងយ៉ាងពេញលេញ ៩១.៨ ភាគរយនៃចំនួនប្រជាជនពេញវ័យរបស់ខ្លួនដែលមានអាយុចាប់ពី១៨​ឆ្នាំឡើងទៅ៕

ប្រភព៖  Channel News Asia

Telegram