ចំនួនអ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើងSemeru របស់ឥណ្ឌូណេស៊ី កើនឡើងដល់៣៩នាក់
អន្តរជាតិ
335

ឥណ្ឌូនេស៊ី៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើង Semeru របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៣៩នាក់ហើយ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានព្យាយាមទាញយកសាកសពបន្ថែមទៀតក្រោមការគំរាមកំហែងនៃសកម្មភាពភ្នំភ្លើងបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

ភ្នំខ្ពស់បំផុតនៅលើកោះជ្វា បានផ្ទុះ កាលពីថ្ងៃសៅរ៍សប្តាហ៍មុនដោយបញ្ចេញផេះភ្នំភ្លើងទៅលើមេឃ និង ភក់ក្តៅធ្លាក់ទៅលើភូមិនានា ខណៈដែលមនុស្សភ័យស្លន់ស្លោរាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។

ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រុមស្វែងរក និងជួយសង្គ្រោះ បានរកឃើញសាកសព៤នាក់បន្ថែមទៀតនៅថ្ងៃនេះ»។ អ្នក នាំ ពាក្យ ទីភ្នាក់ងារ នេះ បាន និយាយ ថា មនុស្ស ១២ នាក់ នៅ តែ បាត់ ខ្លួន។

គ្រោះមហន្តរាយនេះបានគ្របដណ្តប់ភូមិនៅក្នុងផេះពណ៌ប្រផេះ និងបានបង្ខំមនុស្សជាង៤,០០០ នាក់ឱ្យភៀសខ្លួនទៅកាន់ទីជម្រកបណ្តោះអាសន្ន។

សូមជម្រាបថា ប្រទេសឥណ្ឌូណេស៊ី មានភ្នំភ្លើងសកម្មជាង១៣០ ហើយស្ថិតនៅលើក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក ដែលការប្រជុំនៃបន្ទះទ្វីបបង្កឱ្យមានសកម្មភាពភ្នំភ្លើង និងរញ្ជួយដីជាញឹកញាប់៕

ប្រភព៖ Bangkok Post

Telegram