ញូវដែលី៖ លោក Bipin Rawat អគ្គមេបញ្ជាការកងទ័ពជាតិឥណ្ឌា ព្រមទាំងភរិយា និង អ្នករួមដំណើរ១១នាក់ទៀត បានជួបគ្រោះថ្នាក់ស្លាប់ នៅក្នុងហេតុការណ៍ ធ្លាក់ឧត្ថម្ភាគចក្រ នៅរសៀលថ្ងៃពុធ ទី ៨ធ្នូម្សិលមិញ នៅក្នុងរដ្ឋតាមីលណាឌូ ភាគខាងត្បូងប្រទេសឥណ្ឌា។
បើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ឧត្ថម្ភាគចក្រប្រភេទ Mi-17 ដឹកមនុស្សចំនួន ១៤នាក់ ក្នុងនោះមាន លោក អគ្គមេបញ្ជាការកងទ័ពជាតិឥណ្ឌា និងភរិយា ចេញពីមូលដ្ឋានទ័ពអាកាស ក្រុង Coimbatore រដ្ឋតាមីលណាឌូ។ ឧបត្ថម្ភាគចក្រ បានធ្លាក់ នៅក្នុងតំបន់ព្រៃក្រាស់មួយ ក្នុងស្រុក Nilgiris។ តំណាងក្រុមពន្លត់អគ្គិភ័យ បានអះអាងថា ឧត្ថម្ភាគចក្រ បានធ្លាក់ក្នុងព្រៃ ឆ្ងាយពីផ្លូវប្រមាណ ១០គីឡូម៉ែត្រ ដែលបង្កការលំបាក តម្រូវឲ្យ ក្រុមសង្គ្រោះត្រូវធ្វើដំណើរដោយថ្មើរជើង។
គួរបញ្ជាក់ថា លោក Bipin Rawat មានអាយុ៦៣ឆ្នាំ គឺជាមនុស្សស្និទ្ធនឹងលោក ណារិន្ទ្រ ម៉ូឌី។ មានដើមកំណើត ក្នុងវង្សត្រកូលនាយទាហាន លោក បានចូលបំរើកងទ័ពប្រមាណជាង ៤០ឆ្នាំមកហើយ។ លោកធ្លាប់ធ្វើជាអគ្គមេបញ្ជាការកងទ័ពជើងគោកឥណ្ឌា ដែលមាន កម្លាំងទាហាន ចំនួន ១,៣លាននាក់។ ក្រោយ មកនៅឆ្នាំ ២០១៩ មុខតំណែង អគ្គមេបញ្ជាការកងទ័ពជាតិ ត្រូវបានបង្កើតឡើង ហើយ គេបានប្រគល់ទៅ ឲ្យ លោក Bipin Rawat ធ្វើការងារនេះ ដើម្បីរៀបចំ ធ្វើកំណែទម្រង់ ទំនើបកម្ម និង សម្របសម្រួលការងារ ឲ្យ មានប្រសិទ្ធភាព រវាងកងទ័ពជើងគោក ជើងទឹក នឹង កងទ័ពអាកាស។
លោក Rajnath Singh រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានសរសេរលើទំព័រ Twitter ថា ការស្លាប់របស់ លោក Bipin Rawat គឺជាការបាត់បង់ធនធានមនុស្ស ដ៏ធំធេង នៃវិស័យកងទ័ពឥណ្ឌា។
កងទ័ពអាកាសឥណ្ឌា បានចេញលិខិតបញ្ជាក់ថា ការស៊ើបអង្កេតស៊ីជម្រៅមួយ បានចាប់ផ្តើមបើក ដើម្បីស្វែងរកមូលហេតុពិតប្រាកដ នៃគ្រោះថ្នាក់នេះ។ ជាក់ស្តែង កាលពីខែវិច្ឆិកា ឧត្ថម្ភាគចក្រប្រភេទនេះ បានធ្លាក់នៅក្នុងការហ្វឹកហាត់ របស់កងទ័ពអាហ្សែរបៃហ្សង់ ស្លាប់ទាហាន ១៤នាក់ ។ ហើយ កាលពីឆ្នាំ ២០១៩ ទាហានឥណ្ឌូណេស៊ី ស្លាប់៤នាក់ដែរ ក្នុងករណីធ្លាក់ឧត្ថម្ភាគចក្រប្រភេទ Mi-17 នេះ នៅភាគកណ្ដាលកោះហ្សាវ៉ា៕
ប្រភព៖ Channel News Asia