អាមេរិកប្រកាសដាក់ទណ្ឌកម្មធ្ងន់ធ្ងរផ្នែកសិទ្ធិមនុស្ស ទៅលើប្រទេសចិន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងបង់ក្លាដែស
អន្តរជាតិ
360

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទាក់ទងនឹងសិទ្ធិមនុស្ស ទៅលើបុគ្គល និងក្រុមហ៊ុននានានៅប្រទេសចិន, មីយ៉ាន់ម៉ា, កូរ៉េខាងជើង និងបង់ក្លាដែស ហើយបានបន្ថែមក្រុមហ៊ុនបញ្ញាសិប្បនិមិត្តរបស់ចិនទៅក្នុងបញ្ជីខ្មៅនៃការវិនិយោគ។ នេះបើយោងតាមការចេញផ្សាយ Al Jazeera នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

ប្រទេសកាណាដា និងចក្រភពអង់គ្លេស ក៏បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មពាក់ព័ន្ធ នឹងការរំលោភសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន ក៏បានដាក់ទណ្ឌកម្មថ្មីជាលើកដំបូង លើប្រទេសកូរ៉េខាងជើង ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី ចូ បៃដិន ។

លោក Wally Adeyemo អនុរដ្ឋលេខាធិការក្រសួងរតនាគារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សកម្មភាពរបស់យើងនៅថ្ងៃនេះ ជាពិសេសគឺភាពជាដៃគូជាមួយចក្រភពអង់គ្លេស និងកាណាដា ផ្ញើសារថា លទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក នឹងចាត់វិធានការប្រឆាំងនឹងអ្នក ដែលបំពានអំណាចរបស់រដ្ឋដើម្បីធ្វើឱ្យរងទុក្ខវេទនា និងការគាបសង្កត់» ។ នេះបើតាមសេចក្តីថ្លែងការណ៍។

សូមជម្រាបថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រូវបានគេមើលឃើញថា បានប្រើប្រាស់ «ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ» និងជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ ដែលមានប្រទេសជាង ១០០ ចូលរួម និងសហរដ្ឋអាមេរិកជាម្ចាស់ផ្ទះ ដើម្បីដាក់ទណ្ឌកម្មបន្ថែមចំពោះប្រទេសទាំង ៤ ខាងលើនេះ ហើយក្នុងនោះក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា AI សេនស៍ ថែម (SenseTime Group) របស់ចិន ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់អាមេរិកផងដែរ។

សម្រាប់មីយ៉ាន់ម៉ាវិញ ទណ្ឌកម្មរបស់អាមេរិក គឺមានគោលដៅរឹតត្បិត ទៅលើក្រុមហ៊ុននានា ដែលជាប់ពាក់ព័ន្ធនឹងយោធាកំពុងកាន់អំណាច ខណៈនៅបង់ក្លាដែស បុគ្គលមួយចំនួនបានទទួលរងទណ្ឌកម្មពីអាមេរិក ដែលសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដាក់បន្ទុកលើប្រទេសចិនកាន់ខ្លាំង ទៅលើបញ្ហាសិទ្ធិមនុស្ស ដែលប្រទេសទាំងអស់នេះបានចោទប្រកាន់ទៅលើចិនថា បាននិងកំពុងរំលោភបំពាន។ ទោះជាយ៉ាងណា ប្រទេសចិនតែងតែច្រានចោល នូវរាល់ការចោទប្រកាន់បែបនេះ។ ដោយឡែកសម្រាប់ប្រទេសកូរ៉េខាងជើងវិញ សហរដ្ឋអាមមេរិកបានដាក់ទណ្ឌកម្ម ទៅលើមន្ត្រីជាន់ខ្ពស់មួយចំនួន ក្នុងនោះក៏រួមមានលោក រី យ៉ុង ជីល (Ri Yong Gil) រដ្ឋមន្ត្រីទទួលបន្ទុកកងទ័ពប្រជាជនកូរ៉េខាងជើងផងដែរ៕

ប្រភព៖ Al Jazeera

Telegram