មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ី គឺជាប្រទេសនាំមុខគេលើពិភពលោក ក្នុងវិស័យមីស៊ីលល្បឿនលឿនជាងសំឡេង ហើយនៅពេលដែលប្រទេសផ្សេងទៀតទំនងជាមានការអភិវឌ្ឍលើបច្ចេកវិទ្យាដើម្បីទប់ទល់នឹងអាវុធថ្មីទាំងនេះ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
លោក ពូទីន បាននិយាយនៅក្នុងអត្ថាធិប្បាយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ(ទី ១២ ខែធ្នូ) ដែលជាផ្នែកនៃខ្សែភាពយន្តឯកសារ ដែលហៅថា «ប្រវត្តិសាស្ត្ររុស្ស៊ីថ្មី» ថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក មានភាពប្រហាក់ប្រហែលគ្នានៅពេលដែលនិយាយអំពីចំនួនក្បាលគ្រាប់និងនាវាផ្ទុករបស់ពួកគេ។
ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា នាពេលអនាគត ប្រទេសមហាអំណាចផ្សេងទៀតនឹងមានបច្ចេកវិទ្យាអាវុធដែលមានល្បឿនលឿនជាងសំឡេងស្រដៀងគ្នា។ លោក ពូទីន បានបន្ថែមថា «ប៉ុន្តែនៅក្នុងការអភិវឌ្ឍដ៏ជឿនលឿនរបស់យើង យើងពិតជាមេដឹកនាំ។ រុស្ស៊ីក៏ជាប្រទេសលេខ ១ នៅលើពិភពលោកផងដែរបើគិតទៅលើទំហំនៃការធ្វើឱ្យប្រសើរឡើងនៃអាវុធរបស់ខ្លួន»។
សូមជម្រាបថា កាលពីខែមុនលោក ពូទីន បានលើកឡើងថា រុស្ស៊ីការសាកល្បងមីស៊ីលតម្រង់ទិសលឿនជាងសំឡេង Zircon គឺជិតរួចរាល់ហើយ ហើយការដាក់បញ្ចូលវានៅក្នុងកងទ័ពជើងទឹកនឹងចាប់ផ្តើមក្នុងឆ្នាំ ២០២២។
គួរបញ្ជាក់ថា មីស៊ីលល្បឿនលឿនជាងសំឡេង អាចធ្វើដំណើរលឿនជាងប្រាំដងនៃល្បឿនសំឡេង នៅក្នុងបរិយាកាសខាងលើ ឬប្រហែល ៦២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះគឺយឺតជាងកាំជ្រួចផ្លោងអន្តរទ្វីប ប៉ុន្តែរូបរាងរបស់យានហោះលឿនជាងសំឡេង អនុញ្ញាតឱ្យវាហោះឆ្ពោះទៅគោលដៅ ឬឆ្ងាយពីតំបន់ការពារ។
បន្ថែមពីនេះ ការ ចំណាយ ខាង យោធា របស់ ក្រុង ម៉ូស្គូ គឺ ទាប ជាង ក្រុង វ៉ាស៊ីនតោន ទៅ ទៀត។ យោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានឱ្យដឹងថា ប្រទេសរុស្ស៊ីបានផ្តល់ប្រាក់ចំនួន ៦២ ពាន់លានដុល្លារលើការចំណាយលើវិស័យយោធាក្នុងឆ្នាំ ២០២០ ធៀបនឹង ៧៧៨ ពាន់លានដុល្លារដែលចំណាយដោយសហរដ្ឋអាមេរិក៕
ប្រភព៖ Reuters