អូស្ត្រាលី និងកូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀងការពារជាតិ ដែលមានតម្លៃ៧១៧លានដុល្លារ
អន្តរជាតិ
335

អន្តរជាតិ៖ កិច្ចសន្យាការពារជាតិ គឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតរវាងប្រទេសអូស្ត្រាលី និងកូរ៉េខាងត្បូង ហើយការចុះហត្ថលេខានេះបានកើតឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ទៅកាន់រដ្ឋធានីនៃប្រទេសអូស្ត្រាលី ទីក្រុងកង់បេរ៉ា។

បើតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ តម្លៃ ៧១៧ លានដុល្លារ។ កិច្ចសន្យានេះត្រូវបានចុះហត្ថលេខា នៅ ថ្ងៃចន្ទនេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល៤ ថ្ងៃ ដែលប្រធានាធិបតីកូរ៉េខាងត្បូង គឺជាមេដឹកនាំបរទេសដំបូងគេ ដែលធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើង ។

នៅក្រោមកិច្ចព្រមព្រៀង ការពារជាតិ ថ្មី នេះ ក្រុមហ៊ុនផលិតអាវុធកូរ៉េខាងត្បូង Hanwha នឹងត្រូវផលិតកាំភ្លើងប្រភេទ ហូវវីតហ្សឺរ (howitzers) ចំនួន៣០គ្រឿង ព្រមទាំងរថពាសដែកបញ្ចូលគ្រាប់ចំនួន ១៥ គ្រឿងសម្រាប់អូស្ត្រាលី។

សូមជម្រាបថា នាពេលថ្មីៗនេះ ប្រទេសអូស្ត្រាលី បានប្រកាសកិច្ចព្រមព្រៀងសាងសង់នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ នៅក្នុងភាពជាដៃគូមួយដែលមានឈ្មោះថា«AUKUS»ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលជាទង្វើដែលប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំង។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងកង់បេរ៉ា នៅថ្ងៃចន្ទនេះថាកិច្ចព្រមព្រៀងយោធានេះ ពិតជាមានសារៈសំខាន់ ខ្លាំងណាស់ដល់ឧស្សាហកម្មការពារជាតិ និងការពង្រឹងសមត្ថភាពយោធាអូស្ត្រាលី ហើយកូរ៉េខាងត្បូងគឺជាដៃគូដ៏សំខាន់។

រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Peter Dutton បាននិយាយថា រដ្ឋាភិបាលរបស់លោកបានប្តេជ្ញារក្សាតំបន់មានសុវត្ថិភាព ហើយកិច្ចព្រមព្រៀងថ្មីនេះនឹងជួយធ្វើទំនើបកម្មកងទ័ពអូស្ត្រាលី។

គួរបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងយោធា រវាងអូស្ត្រាលី និងកូរ៉េខាងត្បូង កើតមានឡើងនៅចំពេលដែលទីក្រុងកង់បេរ៉ា កំពុងមានភាពតានតឹងជាមួយទីក្រុង ប៉េកាំង ខណៈអូស្ត្រាលី កំពុងកាត់បន្ថយការពឹងផ្អែកទៅលើចិន ជាពិសេសគឺវិស័យពាណិជ្ជកម្មតែម្ដង៕

ប្រភព៖ Al Jazeera

Telegram