រាជធានីភ្នំពេញ៖ ១៧ថ្ងៃ ក្រោយពីបានទទួលបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឱ្យរៀបចំមន្ទីរពេទ្យខ្នាតធំថ្មីមួយកន្លែងទៀតដើម្បីត្រៀមទទួលព្យាបាលបងប្អូនអ្នកជំងឺកូវីដ១៩ នៅថ្ងៃ២៧ មិនា ២០២១ នេះ អតីតមន្ទីរពេទ្យស្ត្រីនគរទេព ត្រូវបានរៀបចំប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជម្ងឺកូវីដ-១៩ រួចរាល់និងបានចាប់ផ្ដើមទទួលព្យាបាលអ្នកជម្ងឺ ដែលមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជូនមកនាព្រឹកនេះ។
ខ្ញុំសូមអរគុណដោយស្មោះ ចំពោះការចូលរួមរបស់ក្រុមការងាររៀបចំមន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការទាំងថ្ងៃទាំងយប់ សហការគ្នាល្អក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បទដ្ឋានការងារ ក៏ដូចជាការហ្វឹកហ្វឺននិងបំពាក់ដល់ក្រុមគ្រូពេទ្យជួរមុខ សេវាជួរមុខ និងក្រុមការងារតាមបណ្ដាផ្នែកពាក់ព័ន្ធទាំងអស់របស់មន្ទីរពេទ្យដើម្បីយើងអាចដំណើរការបានក្នុងរយៈពេលដ៏ខ្លីនេះ។
សូមជូនពរដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ បុគ្គលិកទាំងអស់របស់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យជួរមុខ ក្រុមសេវាជួរមុខ និងកម្លាំងពាក់ព័ន្ធទាំងអស់ ឲ្យទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ចជួយព្យាបាលដល់អ្នកជំងឺកូវីដ-១៩ ឱ្យឆាប់ជាសះស្បើយ ៕