ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩
ព័ត៌មានជាតិ
442

រាជធានីភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌក្រសួងព័ត៌មាន និងសហការី អញ្ជើញចុះត្រួតពិនិត្យទីតាំងសម្រាប់ចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ព្រមទាំងបណ្តាញផ្សព្វផ្សាយឯកជនទាំងអស់ នៅបរិវេណទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។

លោក ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់និងព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខមាលភាពប្រជាពលរដ្ឋ មន្រ្តីរាជការ ក៏ដូចជា អ្នកសារព័ត៌មានទាំងអស់គ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលកម្ពុជាកំពុងស្ថិតក្នុងបរិបទការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ហើយជាក្តីបារម្ភមួយរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល រួមជាមួយដៃគូរអភិវឌ្ឍន៍សម្រាប់ជួយទប់ស្កាត់នៃការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។

លោកបានមានប្រសាសន៍បន្តទៀតថា ការត្រៀមចាក់វ៉ាក់សាំងជូនអ្នកសារព័ត៌មាននាឱកាសនោះគឺពិតជាបានឆ្លើយតបទៅនឹងការទប់ស្កាត់កាត់បន្ថយការចម្លងក្នុងសហគមន៍ និងហានិភ័យនៃការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីជំងឺផ្តាសសាយប្រភេទថ្មីឬកូវីដ១៩។

លោក រដ្ឋមន្រ្តីក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ និង អ្នកសារព័ត៍មានទាំងអស់អោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និងអនុសាសន៍នៃប្រមុខរាជរដ្ឋាភិបាល៣កុំ៣ការពារអោយមានប្រសិទ្ធភាព ដើម្បីកម្ពុជាគ្មានការចម្លងថ្មីនៃមេរោគកូវីដ-១៩ ពិសេសធ្វើយ៉ាងណាអោយប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងទំនើបភាវូបនីយកម្ម និងស្នាមញញឹមនៃមហាគ្រួសារខ្មែរតែមួយ៕


Telegram