អន្តរជាតិ៖ សារព័ត៌មាន Reuters បានចេញផ្សាយនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារនៅឯពិធីបុណ្យសពមួយកាលពីថ្ងៃអាទិត្យ ខណៈមនុស្សនៅទូទាំងប្រទេសបានប្រមូលផ្តុំគ្នាកាន់ទុក្ខមនុស្ស ១១៤នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបដ៏អាក្រក់បំផុតទៅលើបាតុកម្ម ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែមុន។
មនុស្ស៣នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reutersថា ក្រុមអ្នកកាន់ទុក្ខបានរត់គេចពីការបាញ់ប្រហារនៅ តំបន់ Bago ជិត ទី ក្រុង យ៉ាំងហ្គោន។ ស្ត្រីឈ្មោះ Aye ដែលបម្រើការនៅ Thae Maung Maung បាននិយាយពីសិស្សអាយុ ២០ឆ្នាំ ម្នាក់ក្នុង ចំណោមអ្នកស្លាប់កាលពីថ្ងៃសៅរ៍ថា ៖« នៅពេលយើងកំពុងច្រៀងចម្រៀង បដិវត្តដើម្បីគាត់ស្រាប់ តែកម្លាំងសន្តិសុខ មកដល់ ហើយក៏បាញ់លើពួកយើង»។
មនុស្ស១២នាក់ផ្សេងទៀត ត្រូវបានគេកត់ត្រាថា បានស្លាប់នៅក្នុងឧប្បត្តិហេតុផ្សេងៗនៅប្រទេសមីយ៉ាន់ម៉ា ដោយក្រុមជំនួយសម្រាប់ក្រុមអ្នកតស៊ូមតិនយោបាយ កាលពីថ្ងៃអាទិត្យ បានយកចំនួនជនស៊ីវិលសរុបរបស់ខ្លួនដែលត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈដល់ ៤៥៩ នាក់។
សាក្សីនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា អ្នកភូមិរាប់ពាន់នាក់នៅតំបន់ព្រំដែន បានភៀសខ្លួនទៅកាន់ប្រទេសថៃ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់យោធាទៅលើកងជីវពលជនជាតិភាគតិចមួយ ក្នុងចំណោមក្រុមប្រឆាំងដែលបានបង្កើនការវាយប្រហារចាប់តាំងពីរដ្ឋប្រហារ។
មិនមានរបាយការណ៍នៃការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទីក្រុងយ៉ាំងហ្គោនឬម៉ាន់ដាឡាយដែលបានទទួលរងនូវការវាយប្រហារដោយគ្រោះថ្នាក់កាលពីថ្ងៃសៅរ៍ ដែលជាទិវាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសមីយ៉ាន់ម៉ាននោះឡើយ។ អ្នកស្រុកបាននិយាយថា ប៉ុន្តែប្រជាជននៅទីក្រុងម៉ាន់ដាឡាយ បានឡោមព័ទ្ធប៉ុស្តិ៍ប៉ូលីសមួយនៅពេលល្ងាច ដោយចោទប្រកាន់កងកម្លាំងសន្តិសុខបាន ដុតផ្ទះ ចំនួន ៥ ខ្នង ។
សូមជម្រាបថា យ៉ាងហោចណាស់មានកុមារចំនួន ៦ នាក់ ដែលមានអាយុចន្លោះពី ១០ ទៅ ១៦ ឆ្នាំ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍៕ ប្រភព៖ Reuters