ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ថា ការបង្ក្រាបទៅលើក្រុមបាតុករ ពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា គឺពិតជាទង្វើដ៏សាហាវឃោរឃៅ
អន្តរជាតិ
702

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ (២៨ មីនា) បានថ្កោលទោស ចំពោះអំពើហិង្សាប្រព្រឹត្ត ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ ដោយលោកចាត់ទុកការបង្រ្កាបយ៉ាងបង្ហូរឈាម ប្រឆាំងរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ាថា គឺជាអំពើឃោរឃៅ បំផុត ។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពវឹកវរ ចាប់តាំងពីយោធា បានបណ្តេញចេញនិងឃុំខ្លួនមេដឹកនាំស៊ីវិល លោក ស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភៈ ដែលបានបង្កឱ្យមានបាតុកម្មទ្រង់ទ្រាយធំទាមទារឲ្យមានការស្តារ លទ្ធិប្រជាធិបតេយ្យឡើងវិញ។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ មនុស្សយ៉ាងហោច ១១៤នាក់ ត្រូវបានសម្លាប់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដោយសារតែគ្រាប់កាំភ្លើងរបស់ កងកម្លាំងសន្តិសុខនៃរបបយោធា ហើយការសម្លាប់យ៉ាងរង្គាលនេះ បានកើតមានឡើងនៅចំថ្ងៃ យោធាប្រារព្ធទិវាកងទ័ពជាតិ។

លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសុន្ទរកថា ថា៖ «ការបង្ក្រាបយ៉ាងបង្ហូរឈាម លើក្រុមបាតុករពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ជាទង្វើសាហាវឃោរឃៅ។ លោកក៏បានគូសបញ្ជាក់ផងដែរ ថា «វាពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់។ វាគឺជាទង្វើដ៏សាហាវឃោរឃៅ...»។

ដោយឡែកសហភាពអឺរ៉ុប ក៏បានចាត់ទុកផងដែរថា អំពើហិង្សាប្រព្រឹត្តដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា គឺជារឿងមិនអាចទទួលយកបាន ខណៈប្រមុខកងទ័ពនៃប្រទេសចំនួន ១២ ក្នុងនោះមានទាំងសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងអូស្ត្រាលី បានថ្កោលទោសយោធាមីយ៉ាន់ម៉ាយ៉ាងខ្លាំង។

សេចក្តីថ្លែងការណ៍រួមដ៏កម្រ បាននិយាយថា «យោធា ធ្វើតាមស្តង់ដារអន្តរជាតិ សម្រាប់ការប្រព្រឹត្តនិងទទួលខុសត្រូវ ក្នុងការ ការពារ - មិនបង្កអន្តរាយដល់ប្រជាជនដែលខ្លួនបម្រើ»។ យើងជំរុញឱ្យកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សា

យោងតាមក្រុមឃ្លាំមើលក្នុងតំបន់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបចាប់តាំងពីរដ្ឋប្រហារបានកើនឡើងដល់យ៉ាងហោចណាស់ ៤២៣ នាក់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សាច់ញាតិរបស់ក្មេងប្រុសអាយុ ១៣ ឆ្នាំ ឈ្មោះ Sai Waiyan ដែលត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃសៅរ៍ ពេលកំពុងលេងនៅខាងក្រៅផ្ទះរបស់គេក្នុងទីក្រុងយ៉ាំងហ្គោន បានស្រែកយំនៅលើឈូក កាលពី រសៀលថ្ងៃអាទិត្យ។

ទោះបីជាមានគ្រោះថ្នាក់ក៏ដោយ ក្រុមអ្នកតវ៉ាបានធ្វើបាតុកម្មនៅតាមដងផ្លូវម្តងទៀត កាលពីថ្ងៃអាទិត្យនៅផ្នែកខ្លះនៃទីក្រុងយ៉ាំងហ្គោន រួមមានទីក្រុង Hlaing និងនៅទីក្រុង Dawei, Bago, Myingyan និង Monywa ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបញ្ជាក់ថា បុរសនិងស្ត្រី២នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Monywaកាលពីថ្ងៃអាទិត្យ។

អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់កាលពីថ្ងៃសៅរ៍ មានចំនួន ១០៧ នាក់ ក្នុងនោះមានកុមារ ៧ នាក់ ប៉ុន្តែគេរំពឹងថាវានឹងកើនឡើងថែមទៀត។

ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធា បានរាយការណ៍ថា ចំនួនអ្នកស្លាប់កាលពីថ្ងៃសៅរ៍មានចំនួន ៤៥ នាក់ និង មនុស្ស ៥៥២នាក់ត្រូវបានចាប់ឃុំខ្លួន៕ ប្រភព៖ Channel News Asia


Telegram