អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន Aljazeera បានរាយការណ៍នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា មេដឹកនាំលោកខាងលិចបានថ្កោលទោសការបង្ក្រាបដ៏ឃោរឃៅរបស់យោធា ដោយមាន មនុស្ស ១៣ នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ថាបានសម្លាប់កាលពីថ្ងៃអាទិត្យ។
ប្រជាជនប្រមាណ៣.០០០នាក់មកពីរដ្ឋការ៉ែនភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា បានភៀសខ្លួនទៅកាន់ប្រទេសថៃ បន្ទាប់ពីយោធាបានទម្លាក់គ្រាប់បែកនៅតំបន់ ដែលកាន់កាប់ដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ខណៈបណ្តាប្រទេសលោកខាងលិចបានថ្កោលទោស ចំពោះអំពើហិង្សាដែលកំពុងកើនឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
អង្គការស្ត្រីការ៉ែនបាននិយាយកាលពីថ្ងៃអាទិត្យ ថា យោធាបានបើកការវាយឆ្មក់តាមអាកាសលើ តំបន់ ចំនួន ៥ នៅក្នុងស្រុក Mutraw ក្បែរព្រំដែនភាគខាងកើត ដែលរួមមានជំរំភៀសខ្លួនផងដែរ។
សេចក្តីថ្លែងការណ៍ បាននិយាយថា« អ្នកភូមិកំពុងលាក់ខ្លួននៅក្នុងព្រៃ ខណៈដែលមនុស្សជាង ៣.០០០ នាក់បានឆ្លងទៅប្រទេសថៃ ដើម្បីរកទីជ្រកកោន»។
សេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមថា «យើងទាមទារ ឲ្យ មានការឆ្លើយតបជាអន្តរជាតិ ចំពោះអំពើឃោរឃៅដែលបានកើតឡើង ដើម្បីបញ្ជូនសារថា យោធាមិនអាចធ្វើសកម្មភាពដោយគ្មាននិទណ្ឌភាពបាននោះទេ»។
ផ្សព្វផ្សាយសាធារណៈថៃ ក៏បានរាយការណ៍ថា មានមនុស្សប្រមាណ ៣.០០០ នាក់បានទៅដល់ប្រទេសថៃ។ មិនមានការអត្ថាធិប្បាយភ្លាមៗពីសំណាក់អាជ្ញាធរថៃនោះទេ។
អំពើហិង្សាក៏បានបន្តនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រជាជនបានប្រមូលផ្តុំគ្នាកាន់ទុក្ខ អ្នកដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ដែលជាថ្ងៃបង្ហូរឈាមបំផុត នៃបាតុកម្មប្រឆាំងរដ្ឋប្រហារ ចាប់តាំងពីយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី ក្នុងរដ្ឋប្រហារ នៅថ្ងៃទី ១ ខែកុម្ភៈ។
នៅBago នៅជិតទីក្រុងយ៉ាំងហ្គោន ទាហានបានបើកការបាញ់ប្រហារទៅលើប្រជាជនដែលប្រមូលផ្ដុំគ្នា ធ្វើពិធីបុណ្យសព និស្សិត អាយុ ២០ ឆ្នាំដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសនោះទេ។
ស្ត្រី ឈ្មោះ Aye ដែល បម្រើ ការ នៅ Thae Maung Maung បាននិយាយពីសិស្ស អាយុ ២០ ឆ្នាំ ម្នាក់ក្នុង ចំណោម អ្នក ស្លាប់ កាល ពី ថ្ងៃ សៅរ៍ថា ៖« នៅ ពេលយើង កំពុង ច្រៀង ចម្រៀង បដិវត្ត ដើម្បី គាត់ ស្រាប់ តែ កម្លាំង សន្តិសុខ មក ដល់ ហើយ ក៏ បាញ់ លើ ពួក យើង»។
មនុស្ស ១៣ នាក់ទៀត ត្រូវបានគេកត់ត្រាថា បានស្លាប់នៅក្នុងឧប្បត្តិហេតុផ្សេងៗនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ នេះបើយោងតាម សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមតស៊ូមតិដែលកំពុងតាមដានការស្លាប់និងការចាប់ឃុំឃាំង។ ជនស៊ីវិល ៤៥៩ នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលជិត ២ ខែ ចាប់តាំងពីរដ្ឋប្រហារ ខណៈមនុស្សដែលជាង ២,៥៥៩ នាក់ត្រូវ បានចាប់ឃុំខ្លួន។
ការវាយលុកតាមអាកាសទៅលើរដ្ឋការ៉ែន គឺជាការវាយប្រហារដ៏សំខាន់បំផុត អស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយសហភាពជាតិការ៉ែន (KNU) ។
បណ្តាញគាំទ្រសន្តិភាពការ៉ែន បាននិយាយថា ការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីឧទ្ធម្ភាគចក្រ ជាមួយយន្ដហោះចម្បាំង ២ គ្រឿងបានទម្លាក់គ្រាប់បែកចំនួន ៩ គ្រាប់ កាលពី យប់ថ្ងៃទី ២៧ ខែមីនា ដែលបានសម្លាប់មនុស្ស ៣ នាក់ និងរងរបួសធ្ងន់ ៧ នាក់។ ការវាយប្រហារតាមអាកាសបន្ថែមទៀត នៅព្រឹកនិងពេលរសៀលរួមទាំងនៅតាមបណ្តោយដងទន្លេ Salween ដែលជាទីសម្គាល់ព្រំដែន។
សហភាពជាតិការ៉ែន(KNU) បាននិយាយថា ខ្លួនបាននិងកំពុងផ្តល់ជម្រក ដល់ប្រជាជនរាប់រយនាក់ ដែលបានភៀសខ្លួនចេញពីភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា នៅចំពោះមុខការបង្ក្រាបដែលបណ្តាលឱ្យស្លាប់កាន់តែខ្លាំងឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសុន្ទរកថា ថា៖ «ការបង្ក្រាបយ៉ាងបង្ហូរឈាម លើក្រុមបាតុករពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ជាទង្វើសាហាវឃោរឃៅ។ លោកក៏បានគូសបញ្ជាក់ផងដែរ ថា «វាពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់។ វាគឺជាទង្វើដ៏សាហាវឃោរឃៅ...»។
ដោយឡែកសហភាពអឺរ៉ុប ក៏បានចាត់ទុកផងដែរថា អំពើហិង្សាប្រព្រឹត្តដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា គឺជារឿងមិនអាចទទួលយកបាន ហើយបានជំរុញឱ្យយោធាបញ្ឈប់«អំពើហឹង្សាដ៏សាហាវ» ។ ខណៈប្រមុខកងទ័ពនៃប្រទេសចំនួន ១២ ក្នុងនោះមានទាំងសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងអូស្ត្រាលី បានថ្កោលទោសយោធាមីយ៉ាន់ម៉ាយ៉ាងខ្លាំង៕ ប្រភព៖ Aljazeera