១ឆ្នាំក្រោយរដ្ឋប្រហារ ប្រទេសលោកខាងលិចបន្ថែមទណ្ឌកម្មថ្មីលើមីយ៉ាន់ម៉ា
អន្តរជាតិ
111

អន្តរជាតិ៖ ក្រោយរយៈពេល១ឆ្នាំពេញនៃការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា ធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចល ហើយនៅពេលនេះអាមេរិក អង់គ្លេសនិងកាណាដា បានសម្រេចបន្ថែមទណ្ឌកម្មទៅលើមន្ត្រីក្នុងប្រទេសនេះមួយចំនួនទៀត។ នេះបើតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

សកម្មភាពរួមគ្នា ដោយប្រទេសសម្ព័ន្ធមិត្តអាមេរិកខាងលើនេះ គឺមានគោលដៅទៅលើមន្ត្រីយុត្តិធម៌នៅមីយ៉ាន់ម៉ាដែលកំពុងដំណើរការកាត់ក្តីលោកស្រី អោង សាន ស៊ូជី និងអតីតមន្ត្រីរដ្ឋាភិបាលមុនមួយចំនួនទៀត។ ដោយឡែក មេដឹកនាំមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺលោក មីន អោង ឡាំង (Min Aung Hlaing) និងសមាជិកនៃរដ្ឋាភិបាលយោធាមួយចំនួនទៀត សុទ្ធតែបានទទួលរងនូវការដាក់ទណ្ឌកម្មពីបណ្តាប្រទេសទាំងនេះរួចទៅហើយ។

ទីក្រុងវ៉ាស៊ីនតោនក៏បានទម្លាក់ទណ្ឌកម្មបន្ថែមទៀតទៅលើអ្នកដែលទទួលត្រូវក្នុងការទិញអាវុធពីក្រៅប្រទេសសម្រាប់ផ្គត់ផ្គង់ឱ្យយោធាមីយ៉ាន់ម៉ា និងក្រុមហ៊ុនដែលផ្តល់ហិរញ្ញវត្ថុទ្រទ្រង់របបយោធាផងដែរ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់ថូនី ប្លុីងគែន (Antony Blinken) បានលើកឡើងថា ការរួមគ្នាបញ្ចេញសកម្មភាពនាពេលនេះ គឺជាការបង្ហាញអំពីការគាំទ្ររបស់អន្តរជាតិ សម្រាប់ប្រជាជនមីយ៉ាន់ម៉ា ព្រមទាំងជាការជំរុញបន្ថែមទៀតឱ្យមានការទទួលខុសត្រូវចំពោះរដ្ឋប្រហារនិងអំពើហិង្សាដែលបានផ្តាច់ជីវិតមនុស្សជិត១,៥០០នាក់ និងមនុស្ស១០,០០០នាក់ទៀតត្រូវបានចាប់ឃុំឃាំងដោយយោធា៕ 

ប្រភព៖  Bangkok Post

Telegram