អន្តរជាតិ៖ ចំពេលភាពតានតឹងនៅតាមព្រំដែនដែលកំពុងបន្តរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ មន្រ្តីការទូតជាន់ខ្ពស់រុស្ស៊ី កាលពីថ្ងៃចន្ទ បានព្រមានថា អ៊ុយក្រែននឹងទទួលខុសត្រូវ ចំពោះការបំផ្លិចបំផ្លាញរបស់ខ្លួន ប្រសិនបើ ធ្វើឱ្យខូចដល់កិច្ចព្រមព្រៀងសន្តិភាពដែលមានរួចស្រាប់ទៅហើយ។ នេះបើតាមសារព័ត៌មាន theguardian ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងពេលកំពុងថ្លែងក្នុងសម័យប្រជុំ ក្រុមប្រឹក្សាសន្តិសុខនៅអង្គការសហប្រជាជាតិ ស្តីពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បានរិះគន់ការអះអាងរបស់លោកខាងលិច នៃការវាយប្រហាររុស្ស៊ី ដែលបានគ្រោងទុក ហើយបានស្តីបន្ទោសអ៊ុយក្រែន ចំពោះការមិនគោរពតាមកិច្ចព្រមព្រៀង ទីក្រុងMinsk ឆ្នាំ២០១៤ និង២០១៥ ដែលត្រូវបានគេសន្មត់ថា ដើម្បីបញ្ចប់ជម្លោះរវាងភាគីទាំងពីរ។
យោងតាមកាសែត The Guardian លោក Nebenzya បានបន្តស្តីបន្ទោសប្រទេសលោកខាងលិច ចំពោះការ « ជញ្ជូនយ៉ាងសកម្ម»ដល់អ៊ុយក្រែនពេញដោយអាវុធ ដែលលោកបាននិយាយថា នឹងត្រូវបានប្រើប្រឆាំងនឹងជនស៊ីវិលនៅភាគខាងកើតនៃប្រទេស ហើយបានរំលោភលើកិច្ចព្រមព្រៀងទីក្រុង Minsk ។ លោកបានបញ្ចប់ការពិភាក្សារបស់ ក្រុមប្រឹក្សាសន្តិសុខ(UNSC) ជាមួយនឹងការព្រមាន ។
លោក Nebenzya បាននិយាយថា«ប្រសិនបើដៃគូលោកខាងលិច ជំរុញទីក្រុងគៀវ ឱ្យបំផ្លាញកិច្ចព្រមព្រៀងទីក្រុង Minsk អ្វីមួយដែលអ៊ុយក្រែនកំពុងធ្វើដោយស្ម័គ្រចិត្ត នោះអាចនឹងបញ្ចប់ដោយវិធីដ៏អាក្រក់បំផុតសម្រាប់អ៊ុយក្រែន» ដោយបន្ថែមថា «ហើយមិនមែនដោយសារតែនរណាម្នាក់បានបំផ្លាញវានោះទេ។ ប៉ុន្តែ ដោយ សារ តែអ៊ុយក្រែន នឹង បំផ្លាញ ខ្លួន ឯង ហើយ រុស្ស៊ី មិន មាន អ្វី ទាក់ ទង នឹង រឿង នេះ ទេ»។
ការព្រមានពីលោក Nebenzya បានកើតឡើងនៅថ្ងៃនៃការបន្តការទូតកម្រិតខ្ពស់ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងលើអ៊ុយក្រែនដែលកំពុងបន្ត។ ថ្លែងទៅកាន់ការជជែកដេញដោលរបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីវិបត្តិនេះ សហរដ្ឋអាមេរិក បាននិយាយថា ទោះបីជាបញ្ហាព្រំដែនអ៊ុយក្រែនកំពុងត្រូវបានពិភាក្សានៅទីក្រុងញូវយ៉កក៏ដោយ ក៏រុស្ស៊ីបានបន្តបន្ថែមទាហានជាង ១០០,០០០ នាក់រួចទៅហើយនៅជុំវិញព្រំដែនអតីតប្រទេសសូវៀត ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនឹងមាន ៣០ ,០០០ នាក់ នៅក្នុងប្រទេសបេឡារុស្ស ។ បេសកជនអាមេរិក លោកស្រី Linda Thomas-Greenfield បាននិយាយថា លោកស្រី មានភ័ស្តុតាងដែលថា រុស្ស៊ីមានបំណងពង្រីកវត្តមានរបស់ខ្លួនទៅកាន់ជិតព្រំដែនបេឡារុស្ស និងអ៊ុយក្រែន តិចជាងពីរម៉ោងភាគខាងជើងនៃទីក្រុងគៀវ នៅដើមខែកុម្ភៈ។
បន្ថែមពីលើនេះ ថ្លែងនៅក្នុងសម័យប្រជុំ បេសកជនអ៊ុយក្រែន លោក Sergiy Kyslytsya បានពណ៌នាអំពីការកសាងកងទ័ពរបស់រុស្ស៊ី នៅជុំវិញព្រំដែនអ៊ុយក្រែន ថា ពេលនេះមានកងទ័ពរុស្ស៊ីចំនួន១,១២,០០០ នាក់ បានប្រមូលផ្តុំនៅជុំវិញអ៊ុយក្រែន និងនៅតំបន់គ្រីមៀរ ជាមួយនឹង១៨,០០០ នាក់ទៀត ត្រូវបានដាក់ពង្រាយនៅសមុទ្រនៃឆ្នេរសមុទ្រអ៊ុយក្រែន៕
ប្រភព៖ theguardian