លោកស្រី អ៊ុងសាន ស៊ូជី ប្រឈមមុខនឹងការចោទប្រកាន់ពីបទស៊ីសំណូកថ្មី ក្នុងសំណុំរឿងជាច្រើន៖ ទូរទស្សន៍រដ្ឋ
អន្តរជាតិ
116

ភូមា៖ ទូរទស្សន៍រដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី ៣ ខែកុម្ភៈ)បានរាយការណ៍ថា រដ្ឋាភិបាលយោធា​ បានប្រកាសពីការចោទប្រកាន់ពីបទសូកប៉ាន់ថ្មីមួយប្រឆាំងនឹងមេដឹកនាំស៊ីវិលដែលត្រូវបានទម្លាក់លោកស្រី អ៊ោង សានស៊ូជី(Aung San Suu Kyi)​​។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

ម្ចាស់ជ័យលាភីណូបែល លោកស្រី អ៊ុងសាន ស៊ូជី វ័យ​៧៦ឆ្នាំ កំពុងស្ថិតក្រោមការកាត់ទោសក្នុងសំណុំរឿងជិតដប់មួយ ដែលដាក់បញ្ចូលគ្នានូវទោសអតិបរមា ដាក់ពន្ធនាគារយ៉ាងតិច​១៥០ឆ្នាំ។ លោកស្រី​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ឃុំ​អស់​រយៈពេល​៦​ឆ្នាំ​រួច​ទៅ​ហើយ​សម្រាប់​ករណី​ផ្សេង​ទៀត។

អ្នកនាំពាក្យរបស់យោធាមីយ៉ាន់ម៉ា ដែលបានផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី ក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈកន្លងទៅ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

មេធាវី​របស់​លោកស្រី អ៊ុងសាន ស៊ូជី ដែល​ត្រូវ​បាន​រារាំង​មិន​ឱ្យ​និយាយ​អំពី​ករណី​របស់​លោកស្រី ក៏​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ។

គូររម្លឹកថា កាលពី​ថ្ងៃទី៦ ខែធ្នូ​ឆ្នាំមុន លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទញុះញង់ប្រឆាំងនឹងយោធា និងរយៈពេលពីរឆ្នាំទៀត ពីបទបំពានច្បាប់​ទាក់ទងនឹងជំងឺកូវីដ-១៩។

ប្រមុខរដ្ឋាភិបាលលោក មីន អ៊ុងឡាំង (Min Aung Hlaing)ក្រោយមក«បានលើកលែងទោស» ការកាត់ទោសឱ្យជាប់គុកពីរឆ្នាំ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ​នៅលើទូរទស្សន៍រដ្ឋ។

លើសពីនេះ នៅថ្ងៃទី១០ខែមករា ឆ្នាំ២០២២ លោកស្រី​ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទចោទប្រកាន់ចំនួនពីរទាក់ទងនឹងការនាំចូលដោយខុសច្បាប់ វិទ្យុទាក់ទងនិង​ការបំពានច្បាប់នៃមេរោគឆ្លងកូវីដ១៩។

គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី កំពុងប្រឈមមុខនឹងការប្រព្រឹត្តអំពើពុករលួយជាច្រើន ដែលនីមួយៗត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ១៥ ឆ្នាំ និងរំលោភលើទង្វើសម្ងាត់ផ្លូវការ។​ ចាប់តាំងពីរដ្ឋប្រហារមក សម្ព័ន្ធមិត្តនយោបាយជាច្រើនរបស់លោកស្រី ត្រូវបានចាប់ខ្លួន ដោយសមាជិកម្នាក់នៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលត្រូវបានបណ្តេញចេញ ត្រូវបាន កាត់ទោសប្រហារជីវិត ពីបទប្រព្រឹត្តអំពើភេរវកម្ម។ នាយក​រដ្ឋមន្ត្រី​ម្នាក់​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៧៥ ឆ្នាំ ខណៈ​ខ្លះ​ទៀត​កំពុង​លាក់​ខ្លួន៕

ប្រភព៖ Channel News Asia

Telegram