មូស្គូ៖ រុស្ស៊ី និងចិន បានអំពាវនាវក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រ (ទី៤ ខែកុម្ភៈ) ឱ្យអង្គការណាតូ បញ្ឈប់ការពង្រីកខ្លួន ខណៈទីក្រុងមូស្គូ បាននិយាយថា ខ្លួនគាំទ្រយ៉ាងពេញទំហឹងចំពោះជំហររបស់ទីក្រុងប៉េកាំងចំពោះតៃវ៉ាន់ និងប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ក្នុងគ្រប់រូបភាព។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍រួម រួមទាំងការរិះគន់យ៉ាងចាស់ដៃទៅលើសហរដ្ឋអាមេរិក ត្រូវបានចេញក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសចិន សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។
វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាគ្នាយ៉ាងកក់ក្តៅ និងសំខាន់នៅទីក្រុងប៉េកាំង ហើយបានពណ៌នាទំនាក់ទំនងថា ជា«ភាពជាដៃគូជឿនលឿន»។
លោកពូទីន ក៏បានបង្ហាញពីកិច្ចព្រមព្រៀងឧស្ម័នថ្មីដ៏សំខាន់មួយជាមួយប្រទេសចិន ដែលជាសញ្ញាបន្ថែមទៀតនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ នៅពេលមានភាពតានតឹងខ្លាំងក្នុងទំនាក់ទំនងរបស់ពួកគេជាមួយលោកខាងលិច។
សេចក្តីថ្លែងការណ៍រួមបាននិយាយថា «ភាគីរុស្ស៊ីបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ បញ្ជាក់ថាតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបស់ចិន និងប្រឆាំងនឹងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់»។
ប្រទេសទាំងពីរ បានសម្តែងការព្រួយបារម្ភអំពី «ការជឿនលឿននៃផែនការរបស់សហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលជាសកល និងដាក់ពង្រាយ របស់ខ្លួននៅក្នុងតំបន់ផ្សេងៗនៃពិភពលោក រួមជាមួយនឹងការកសាងសមត្ថភាពអាវុធមិនមែននុយក្លេអ៊ែរដែលមានភាពជាក់លាក់ខ្ពស់ សម្រាប់ការវាយប្រហាររំសាយអាវុធ និងគោលបំណងយុទ្ធសាស្ត្រផ្សេងទៀត»។
រុស្ស៊ីនិងចិន បាននិយាយថា ពួកគេប្រឆាំងនឹងការពង្រីកបន្ថែមទៀតនៃអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយបានអំពាវនាវឱ្យសម្ព័ន្ធភាពនេះបោះបង់ចោល «វិធីសាស្រ្តនៃសង្គ្រាមត្រជាក់ដែលមានមនោគមវិជ្ជា»របស់ខ្លួន។
ការបញ្ឈប់ការ បន្ថែមប្រទេសសមាជិកថ្មីនៅភាគខាងកើតរបស់អង្គការណាតូ គឺជាតម្រូវការសំខាន់របស់វិមានក្រឹមឡាំង ក្នុងការប្រឈមមុខដាក់គ្នាជាមួយលោកខាងលិចជុំវិញអ៊ុយក្រែន។ សហរដ្ឋអាមេរិក បានច្រានចោលសំណើសំខាន់ៗមួយចំនួនរបស់ទីក្រុងម៉ូស្គូ ប៉ុន្តែបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការពិភាក្សាលើប្រធានបទផ្សេងទៀត ដូចជាការគ្រប់គ្រងអាវុធជាដើម។
សេចក្តីថ្លែងការណ៍រួមបាននិយាយថា ប្រទេសចិនគាំទ្រសំណើររបស់រុស្ស៊ី ដើម្បីបង្កើតការធានាសន្តិសុខដែលមានភាពស្របច្បាប់នៅអឺរ៉ុប។ វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីក៏បានពិភាក្សាអំពីតម្រូវការក្នុងការពង្រីកពាណិជ្ជកម្មរូបិយប័ណ្ណជាតិ ដោយសារតែភាពមិនអាចទាយទុកជាមុនបានជុំវិញការប្រើប្រាស់ប្រាក់ដុល្លារ។
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ក្រុមហ៊ុនរុស្ស៊ីអាចត្រូវបានកាត់ផ្តាច់ពីលទ្ធភាពនៃការជួញដូរប្រាក់ដុល្លារ ដែលជាផ្នែកនៃទណ្ឌកម្ម ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន៕
ប្រភព៖ Channel News Asia