រុស្ស៊ី និងចិន ប្រកាសភាពជាដៃគូ«គ្មានដែនកំណត់»​ដើម្បីប្រឆាំងជាមួយសហរដ្ឋអាមេរិក
អន្តរជាតិ
205

ប៉េកាំង៖ ប្រទេសចិន និងរុស្ស៊ី បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅមួយនៅថ្ងៃសុក្រទី៤ ខែកុម្ភៈ ដើម្បីធ្វើឱ្យមានតុល្យភាពនូវអ្វីដែលពួកគេអះអាងថាជាឥទ្ធិពលដ៏អាក្រក់របស់សហរដ្ឋអាមេរិកមកលើពិភពលោក ខណៈពេលដែលប្រធានាធិបតីចិនលោកស៊ី ជិនពីង ( Xi Jinping) បានធ្វើជាម្ចាស់ផ្ទះទទួលលោកវ្លាឌីមៀ ពូទីន​ (Vladimir Putin) ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរបានអះអាងថា ទំនាក់ទំនងថ្មីរបស់ពួកគេប្រសើរជាងមុនក្នុងនាមជាសម្ព័ន្ធភាពនយោបាយ ឬយោធាណាមួយ បើប្រៀបធៀបជាមួយសម័យសង្គ្រាមត្រជាក់។

បន្ថែមពីនេះ ប្រទេសទាំងពីរ​បាន​ប្រកាស​​ផែនការ​សហការ​ក្នុង​វិស័យ​ជាច្រើន​ដែល​រួម​មាន​លំហ ការប្រែប្រួល​អាកាសធាតុ បញ្ញា​សិប្បនិម្មិត(AI) និង​ការគ្រប់គ្រង​អ៊ីនធឺណេត​ថា​ «​មិត្តភាព​រវាង​រដ្ឋ​ទាំងពីរ​គ្មាន​ដែនកំណត់ ហើយគ្មាននរណា​ហាមឃាត់​បាន»។​ នេះបើតាមការផ្សាយ​របស់រ៉យទ័រ។​

មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះចាត់ទុកថាជាសេចក្តីថ្លែងការណ៍លម្អិត បំផុតនៃការសម្រេចចិត្តរបស់រុស្ស៊ី និងចិនក្នុងការធ្វើការរួមគ្នា ប្រឆាំងនឹងសហរដ្ឋអាម៉េរិក ហើយមានបំណងដើម្បីកសាងសណ្តាប់ធ្នាប់អន្តរជាតិថ្មីមួយដោយផ្អែកលើនិយមន័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់ពួក។

ទាក់ទិននឹងសេចក្តីថ្លែងការណ៍នេះត្រូវបានបង្កប់នៅក្នុងសុន្ទរកថាបែបមនោគមវិជ្ជា ហើយវាមិនច្បាស់ថា តើវានឹងអនុវត្តភ្លាមៗទៅជាកិច្ចសហប្រតិបត្តិការស្អិតល្មួតជាក់ស្តែងនោះទេ។ បើទោះបីជាលោក ពូទីន បានប្រកាសភាពជោគជ័យពីកិច្ចព្រមព្រៀងឧស្ម័នថ្មីជាមួយប្រទេសចិនកាលពីថ្ងៃសុក្រក៏ដោយ។​

ដោយឡែកជាការឆ្លើយតប​ រដ្ឋមន្រ្តីទទួលបន្ទុកសេតវិមានអាម៉េរិកលោកស្រី ចេន សាគី(Jen Psaki)បានឆ្លើយតបយ៉ាងខ្លីអំពីជំនួបរវាងមេដឹកនាំរុស្ស៊ីនិងចិនថា លោកប្រធានាធិបតីចូ​ បៃដិន ក៏មានបែបបទទំនាក់ទំនងជាមួយចិនផ្ទាល់ខ្លួនផងដែរ។

បន្ថែពីនេះ លោកស្រីបានបន្តថា ចំពោះអាម៉េរិកនៅតែបន្តធ្វើការជាមួយដៃគូពាក់ព័ន្ធលើបញ្ហាអ៊ុយក្រែនដដែល ហើយក៏សង្កត់ធ្ងន់អំពីអស្ថិរភាពនៅអឺរ៉ុបក៏អាចនាំឱ្យខាតបង់ផលប្រយោជន៍ចិននៅលើពិភពលោកផងដែរ៕ 

ប្រភព៖ Channel News Asia

Telegram