វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងផ្តល់ប្រាក់រហូតដល់១០លានដុល្លារ សម្រាប់ព័ត៌មានអំពីទីតាំង ឬការកំណត់អត្តសញ្ញាណរបស់លោក សាណាអ៊ូឡោះ ហ្កាហ្វារី(Sanaullah Ghafari) មេដឹកនាំក្រុម ISIS-K របស់អាហ្វហ្គានីស្ថាន។ នេះបើតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។
រង្វាន់ដែលផ្តល់ដោយក្រសួងការបរទេសអាមេរិកកាលពីថ្ងៃចន្ទ ក៏នឹងប្រគល់ឲ្យអ្នកណាម្នាក់ ដែលផ្ដល់ព័ត៌មានណាមួយ អាចនាំទៅដល់ការចាប់ខ្លួនក្រុមភេរវករ ដែលទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែកដ៏សាហាវកាលពីឆ្នាំមុន នៅឯអាកាសយានដ្ឋានកាប៊ុល ដែលត្រូវបានអះអាងដោយក្រុម ISIL ក្នុងខេត្តKhorasan ឬហៅថាISIS-K។
សូមរម្លឹកថា ការវាយប្រហារកាលពីខែសីហា ឆ្នាំ ២០២១ នៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន បានសម្លាប់ជនស៊ីវិលអាហ្វហ្គានីស្ថានចំនួន១៧០ នាក់ និងបុគ្គលិកយោធារបស់សហរដ្ឋអាមេរិកចំនួន១៣នាក់ ស្របពេលពេលដែលអាមេរិកបានដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ។
បើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា លោក ហ្កាហ្វារី ឬគេស្គាល់ឈ្មោះមួយទៀតថា Shahab al-Muhajir ត្រូវបានតែងតាំងជាមេដឹកនាំក្រុម ISIS-K ក្នុងខែមិថុនា ឆ្នាំ ២០២០ និងជាអ្នកទទួលខុសត្រូវចំពោះការអនុម័តប្រតិបត្តិការរបស់ក្រុម ISIS-K ទាំងអស់នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាអ្នកតំណាងសម្រាប់ការរៃអង្គាសថវិកាសម្រាប់ក្រុមរបស់ខ្លួនជាដើម ។
លទ្ធផលនៃការស៊ើបអង្កេតរបស់យោធាអាមេរិកលើការវាយប្រហារកាលពីថ្ងៃទី ២៦ ខែសីហា នៅអាកាសយានដ្ឋានក្រុងកាប៊ុល ដែលចេញនៅថ្ងៃទី ៤ ខែកុម្ភៈ បានរកឃើញថា ការវាយប្រហារនោះទំនងជាធ្វើឡើងដោយមនុស្សម្នាក់ដែលបានបំផ្ទុះឧបករណ៍ផ្ទុះតែមួយនៅក្នុងហ្វូងមនុស្សដែលកំពុងប្រមូលផ្តុំគ្នា ។ ក្រោយមកប៉ុន្មានថ្ងៃ បន្ទាប់ពីការបំផ្ទុះគ្រាប់បែក អាមេរិកក៏បានឆ្លើយតបដោយធ្វើការវាយប្រហារដោយយន្តហោះដ្រូន ខណៈមន្ទីរបញ្ចកោណបាននិយាយថា ការវាយប្រហារនោះកំណត់គោលដៅលើ អ្នកប្រយុទ្ធរបស់ក្រុម ISIS-K ។
ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ភ្លាមៗថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិក មិនបានចំគោលដៅលើក្រុម ISIS-K នោះទេ ដែលធ្វើឲ្យជនស៊ីវិលអាហ្វហ្គានីស្ថាន ១០ នាក់ រួមទាំងកុមារជាច្រើននាក់ត្រូវបានសម្លាប់ទៅវិញ ។ ក្រោយមកមន្ត្រីអាមេរិកបានសុំទោសចំពោះការវាយប្រហារនេះ បើទោះបីជាគ្មានសមាជិកយោធាអាមេរិកត្រូវបានផ្តន្ទាទោសក៏ដោយ ។
គួរបញ្ជាក់ថា លោក Ghafari ត្រូវបានគេដឹងព័ត៌មានពីគាត់តិចតួចណាស់ ប៉ុន្តែគាត់ត្រូវបានគេនិយាយថា ជាមេបញ្ជាការក្រុមអាល់កៃដា ឬជាអតីតសមាជិកនៃបណ្តាញ Haqqani ដែលជាបក្សពួកដ៏មានឥទ្ធិពល និងគួរឲ្យខ្លាចបំផុតនៅក្នុងក្រុមតាលីបង់ ៕
ប្រភព៖ Al Jazeera