រាជធានីភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយរបស់រដ្ឋបាលខណ្ឌ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២៥ គ្រួសារ រស់នៅក្នុងសង្កាត់ទួលទំពូងទី២ ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ "សហគមន៍ ២០កុម្ភៈ" ឆ្នាំ២០២១ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទួលទំពូងទី២នៅព្រឹកថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ។
សេចក្តីរាយការណ៍ថាក្រុមការងាររដ្ឋបាលខណ្ឌ បានបន្តចុះយកអំណោយចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ចំនួន ០៨គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក បន្ថែមទៀត ជាអំណោយដែលរដ្ឋបាលខណ្ឌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុង ០១គ្រួសារ រួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ, ម៉ាស និងទឹកបរិសុទ្ធ។
ជាមួយគ្នានោះផងដែរ លោកអភិបាលខណ្ឌ បានមានប្រសាសន៍ថា បងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តតាមការណែនាំវិធានការសុខាភិបាល របស់ក្រសួងសុខភិបាល ដោយត្រូវដាក់ខ្លួនដោយឡែកចំនួន ១៤ថ្ងៃ ដោយត្រូវថែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួន លាងដៃជាមួយសាប៊ូ អាល់កុល ជែលសម្លាប់មេរោគ និងពាក់ម៉ាស ម៉្យាងវិញទៀតត្រូវរក្សាគម្លាតគ្នាយ៉ាងតិច ១.៥០ម៉ែត្រ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ពីម្នាក់ ទៅម្នាក់ទៀត៕