វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហើបប្រាប់សហការីថា លោកនៅតែរក្សាទំនាក់ទំនងជាមួយនឹង ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជានិច្ច ចាប់តាំងលោកចាកចេញពីសេតវិមានមក ចំពេលមានភាពតានតឹងលើការសាកល្បងមីស៊ីលកូរ៉េខាងជើងនាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២។
ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ បានកើតមានឡើងស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងរិះរកវិធីសាស្ត្រ ដោះស្រាយភាពតានតឹងដ៏ក្តៅគគុក ពាក់ព័ន្ធនឹងការធ្វើតេស្តគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ដែលបានកើតមានឡើងជាច្រើនលើកមិនធ្លាប់មាន កាលពីអំលុងខែមករាដើមឆ្នាំនេះ។
ជុំវិញការលើកឡើងខាងលើនេះ, អ្នកនាង ម៉ាហ្គី ហេប៊ឺមែន (Maggie Haberman) អ្នករាយការណ៍ព័ត៌មានរបស់កាសែត New York Times បានប្រាប់ទូរទស្សន៍ CNN ថា «ដូចយើងដឹងហើយថា លោក (ដូណាល់ ត្រាំ) មានការប៉ះប៉ូវមួយទៅលើទំនាក់ទំនង (ជាមួយលោក គីម ជុងអ៊ុន) នេះ»។ រឿងរ៉ាវលម្អិតនឹងមានបញ្ជាក់នៅក្នុងសៀវភៅ «បុរសនៃការជឿជាក់» (The Confidence Man) ដែលនឹងចេញផ្សាយនៅពេលខាងមុខ។
យ៉ាងណាក៏ដោយ បើតាមលោកស្រី Maggie Haberman គេនៅមិនទាន់អាចស្នើសុំការបកស្រាយពីលោក ដូណាល់ ត្រាំ ជុំវិញទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន ដែលលោកបានអះអាង នោះនៅឡើយទេ។ លោក ត្រាំ ថែមទាំងបានបង្ហើបទៀតថា លោក គីម ជុងអ៊ុន គឺជាមេដឹកនាំបរទេសតែម្នាក់គត់ ដែលលោកនៅបន្តរក្សាទំនាក់ទំនងជាមួយ (ជាលក្ខណៈឯកជន) នៅក្រោយការចាកចេញពីសេតវិមាន។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ត្រូវបានគេទទួលស្គាល់អំពីភាពជោគជ័យ នៅក្នុងការអនុវត្តគោលនយោបាយការបរទស ចំពោះប្រទេសកូរ៉េខាងជើង ដោយរដ្ឋបាលរបស់លោកបានបញ្ចុះបញ្ចូលលោក គីម ជុងអ៊ុន ឲ្យផ្អាកការធ្វើតេស្តគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរ ហើយមកចូលរួមតុចរចាចំនួន ២លើក គឺលើកទី ១ នៅប្រទេសសិង្ហបុរីកាលពីឆ្នាំ ២០១៨ និងលើកទី ២ នៅប្រទេសវៀតណាមកាលពីឆ្នាំ ២០១៩។ តែយ៉ាងណា ភាពជាប់គាំងបានកើតមានឡើង នៅក្រោយកិច្ចប្រជុំ «ត្រាំ-គីម» បិទបញ្ចប់នៅប្រទេសវៀតណាម៕
ប្រភព៖ Channel News Asia