វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិក នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ បាននិយាយថា ពួកគេមិនអាចបញ្ជាក់បាននូវរបាយការណ៍ ដែលចារកម្មអាមេរិក បង្ហាញថា រុស្ស៊ី គ្រោងនឹងលុកលុយអ៊ុយក្រែន នៅថ្ងៃពុធសប្តាហ៍នេះនោះទេ ប៉ុន្តែបាននិយាយថា ពួកគេនឹងព្យាយាមការពារ«ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល»ណាមួយ នៃផែនការរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។
របាយការណ៍ចារកម្មអាមេរិក បានអះអាងថា រុស្ស៊ីគ្រោងនឹងវាយប្រហារអ៊ុយក្រែននៅថ្ងៃពុធនេះ ខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានហៅទូរសព្ទជាបន្ទាន់ទៅ លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសៅរ៍ ក្នុងគោលបំណងទប់ស្កាត់សង្គ្រាម។ សេវាចារកម្មរបស់សហរដ្ឋអាមេរិក, CIA និងមន្ទីរបញ្ចកោណ ត្រូវបានគេនិយាយថា បានទទួលនូវផែនការលម្អិតពិសេសអំពីការវាយលុក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៦ខែកុម្ភៈខាងមុខនេះ។
ផែនការនេះត្រូវបានបញ្ជូនទៅរដ្ឋាភិបាលរបស់លោក បៃដិន ហើយបានពិភាក្សានៅក្នុងសន្និសីទសម្ងាត់ជាបន្តបន្ទាប់ជាមួយសម្ព័ន្ធមិត្តណាតូ។ ផែនការនោះ មានបង្ហាញផ្លូវជាក់លាក់ ដែលអាចប្រើដោយអង្គភាពរុស្ស៊ីនីមួយៗ និងលម្អិតអំពីតួនាទី ដែលពួកគេអាចដើរតួក្នុងជម្លោះ។
បន្ថែមពីនេះ តាមកាសែតអាល្លឺម៉ង់ Der Speigel រាយការណ៍ថា សហរដ្ឋអាមេរិកកំពុងគិតថា តើត្រូវបង្ហាញផែនការនេះជាសាធារណៈ ដើម្បីបំផ្លាញពួកគេដែរឬក៏អត់។
គួរបញ្ជាក់ថា លោក បៃដិន និងលោក ពូទីន បានពិភាក្សាគ្នាអំពីវិបត្តិនេះតាមទូរសព្ទ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីជនជាតិអង់គ្លេស និងអាមេរិករាប់ពាន់នាក់ត្រូវបានព្រមានឲ្យចាកចេញពីប្រទេសអ៊ុយក្រែន ខណៈភាពតានតឹងឈានដល់ចំណុចកំពូល។
ការព្រមាននេះបានកើតឡើង ចំពេលមានការភ័យខ្លាចថា លោក ពូទីន អាចធ្វើការទម្លាក់គ្រាប់បែកលើទីក្រុងគៀវ ដោយប្រថុយនឹងការស្លាប់ជនស៊ីវិលច្រើននាក់។ ដោយមានប្រទេសមួយចំនួនទៀត បានប្រាប់ពលរដ្ឋរបស់ពួកគេ ឲ្យចាកចេញពីអ៊ុយក្រែន រួមទាំងប្រទេសប៊ែលហ្សិកផងដែរ ដែលកាលពីថ្ងៃសៅរ៍ បានព្រមានថា នឹងមិនមានការធានានៃការជម្លៀសទេ ពេលដែលស្ថានភាពយ៉ាប់យ៉ឺន ដោយសារតែតំណភ្ជាប់ទំនាក់ទំនងនានា រួមទាំងអ៊ីនធើណិត និងខ្សែទូរសព្ទ អាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយការធ្វើដំណើរតាមផ្លូវអាកាសត្រូវរារាំង។
លើសពីនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានថា វិបត្តិបានឈានដល់ដំណាក់កាលសំខាន់ហើយ។ នៅតែបន្តមានសញ្ញាដ៏គួរឲ្យព្រួយបារម្ភ អំពីសកម្មភាពយោធារបស់រុស្ស៊ី រួមទាំងកងកម្លាំងថ្មីដែលមកដល់ជុំវិញព្រំដែនអ៊ុយក្រែនផងដែរ៕
ប្រភព៖ Reuters