យ៉ាំងហ្គោន៖ របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទ (១៤កុម្ភៈ) បាននិយាយថា ខ្លួននឹងមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ បន្ទាប់ពីការដកខ្លួន«គួរឱ្យសោកស្តាយ» របស់ប្លុកអ្នកការទូតកំពូលរបស់ខ្លួន ជុំវិញការខ្វះខាតវឌ្ឍនភាពក្នុងការលុបបំបាត់អំពើហិង្សាក្រោយរដ្ឋប្រហារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
អាស៊ានបានអញ្ជើញមីយ៉ាន់ម៉ាឱ្យបញ្ជូន«អ្នកតំណាងមិនពាក់ព័ន្ធនយោបាយ» ទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅសប្តាហ៍នេះ ដោយលើកឡើងពីកង្វះវឌ្ឍនភាពលើការឯកភាពគ្នា ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន ដើម្បីជួយសម្រួលដល់ការសន្ទនាជាមួយគូប្រជែងនៃរដ្ឋប្រហារ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានចលាចលចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយមានជនស៊ីវិលជាង ១.៥០០ នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបលើការតវ៉ាប្រឆាំងរបបយោធា នេះបើយោងតាមក្រុមឃ្លាំមើលក្នុងស្រុក។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា ការសម្រេចចិត្តដកអ្នកការទូតដែលតែងតាំងដោយរបបយោធាលោក Wunna Maung Lwin ចេញពីកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជាគឺ «គួរឱ្យសោកស្តាយ»។ ក្រសួងការបរទេសបានបន្ថែមថា «ក្នុងន័យនេះ អសមត្ថភាពក្នុងការចូលរួមរបស់មីយ៉ាន់ម៉ា ឬសូម្បីតែតែងតាំងអ្នកតំណាងមិនពាក់ព័ន្ធនយោបាយ ... គឺជៀសមិនរួច»។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ បានស្តីបន្ទោសការដកចេញពីប្រទេសសមាជិក ដែលមិនបញ្ចេញឈ្មោះដែលនៅតែប្រកាន់ខ្ជាប់នូវ«សេចក្តីសម្រេចឯកតោភាគី» ដែលបានអនុម័តដោយប្លុកកាលពីខែតុលាឆ្នាំមុន នៅពេលដែល បានរារាំងមេដឹកនាំរបបយោធា Min Aung Hlaing ពីការចូលរួមក្នុងកិច្ចប្រជុំរបស់មេដឹកនាំ។
ប្រទេសមីយ៉ាន់ម៉ា កាន់តែឯកោនៅលើឆាកអន្តរជាតិ ដោយដំណើរទស្សនកិច្ចនៅខែមករា របស់ នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំបរទេស ចាប់តាំងពីមេទ័ពឡើងកាន់អំណាច។ លោកនាយករដ្ឋមន្ត្រី បានជួបមេដឹកនាំយោធា លោក Min Aung Hlaing ហើយអ្នកទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងផែនការអនាគតរបស់របបយោធា ក៏ដូចជាតួនាទីរបស់បេសកជនពិសេសអាស៊ាន នេះបើយោងតាមរបបយោធា។ ប៉ុន្តែអំពើហឹង្សានៅតែបន្ត ដោយក្រុមប្រឆាំងរបបយោធាបានប៉ះទង្គិចគ្នាជាទៀងទាត់ជាមួយយោធា ហើយធនាគារពិភពលោកបានព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ទំនងជាធ្លាក់ចុះជិតមួយភាគប្រាំកាលពីឆ្នាំមុន៕
ប្រភព៖ Channel News Asia