វ៉ាស៊ីនតោន៖ ប្រធានាធិបតី ចូ បៃដិន បានចំណាយពេលចុងសប្តាហ៍ ដើម្បីដឹកនាំអ្វីដែលមើលទៅហាក់ដូចជា កិច្ចខិតខំប្រឹងប្រែងចុងក្រោយដែលអស់សង្ឃឹមកាន់តែខ្លាំងឡើង ដើម្បី ទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាការញុះញង់ដែលអាចមានផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់ជំហរនយោបាយផ្ទាល់ខ្លួនរបស់លោក។ នេះបើតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
ស្ថានការណ៍នៅ តំបន់ព្រំដែនអ៊ុយក្រែន កាន់តែបង្កការព្រួយបារម្ភខ្លាំងឡើងពីលទ្ធភាពផ្ទុះសង្រ្គាម បន្ទាប់ពីកិច្ចសន្ទនាការទូត ជាច្រើនលើកកន្លងមកនេះ នៅតែមិនទាន់អាចបំបែកភាពជាប់គាំងបាននៅឡើយ។ បើតាមមន្ត្រីជាន់ខ្ពស់សេតវិមាន រុស្ស៊ីអាចនឹងបើកការឈ្លានពានលើអ៊ុយក្រែនគ្រប់ពេលវេលា រាប់ពីឥលូវរហូតដល់ថ្ងៃទី២០ ខែកុម្ភៈនេះ។
ទីក្រុងម៉ូស្គូ ក៏បានបដិសេធជាច្រើនលើកមកហើយដែរថា ខ្លួនគ្មានផែនការវាយប្រហារប្រទេសណាមួយឡើយ ហើយថាប្រទេសលោកខាងលិច កំពុងមានរោគសសៃប្រសាទ។ ប៉ុន្តែ ប្រសិនបើ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនពិតជាបញ្ជាឱ្យរថក្រោះរុស្ស៊ីសម្រុកចូលអ៊ុយក្រែនពិតមែន នោះមិនថាតែរុស្ស៊ីទេ ដែលអាចនឹងប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ច សូម្បីតែអាមេរិក និងលោក ចូ បៃដិនផ្ទាល់ក៏អាចទទួលរងការខាតបង់ធ្ងន់ ផងដែរ។
ដោយភ្ជាប់សេណារីយ៉ូដ៏គួរឱ្យភ័យខ្លាចនៃជម្លោះដ៏ធំនៅក្នុងទ្វីបអឺរ៉ុប សេតវិមានបានព្រមានថា ការឈ្លានពានទំនងជានឹងចាប់ផ្តើមជាមួយនឹង ការវាយប្រហារដោយមីស៊ីល និងគ្រាប់បែក ដែលអាចបណ្តាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិតយ៉ាងច្រើន។
*បើរុស្ស៊ីវាយអ៊ុយក្រែន, លោក បៃដិន និងអាមេរិក ក៏រងការខាតបង់ដូចគ្នា
លោក ចូ បៃដិន បានបញ្ជាក់រួចហើយថាសហរដ្ឋអាមេរិក នឹងមិនបញ្ជូនកងទ័ពចូលទៅជួយអ៊ុយក្រែន ដើម្បីធ្វើសង្រ្គាមជាមួយរុស្ស៊ីឡើយ។ អតីត ដែនដីសហភាពសូវៀតមួយនេះ មិនមែនជាសមាជិក NATO ដូច្នេះទាំងអាមេរិក និងសមាជិក NATO ផ្សេងទៀតគ្មានកាតព្វកិច្ចអ្វីតម្រូវឱ្យចូលជួយ អ៊ុយក្រែននោះដែរ។ ដូច្នេះ ជម្លោះដោយផ្ទាល់រវាងកងទ័ពអាមេរិក និងរុស្ស៊ីប្រហែលជានឹងមិនកើតឡើងទេ។
តែទោះជាយ៉ាងនេះក្ដី លោក បៃដិន បានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅកាន់ប្រទេសមួយចំនួនដូចជាប៉ូឡូញ និងរូម៉ានី ដើម្បីពង្រឹងខ្សែការពារ តំបន់អឺរ៉ុបខាងកើត និងកំញើញរុស្ស៊ី។ នៅក្នុងករណីសង្រ្គាមផ្ទុះឡើងមែន, លោក បៃដិន និងសហរដ្ឋអាមេរិក រួមទាំងគណបក្សប្រជាធិបតេយ្យ របស់លោកក៏នឹងត្រូវទទួលរងការខាតបង់ដែរ។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នឹងបំផ្លាញគោលការណ៍ប្រជាធិបតេយ្យ និងគំនិតដែលប្រជាជនអាចជ្រើសរើសមេដឹកនាំរបស់ពួកគេសម្រាប់ខ្លួនពួកគេ ដែលជាគោលការណ៍ ដែលសហរដ្ឋអាមេរិក បានបង្កើតគោលនយោបាយការបរទេសជាច្រើនទសវត្សរ៍។ ក្នុងនោះវាក៏អាចជំរុញប្រទេសចិន ឱ្យចាត់វិធានការប្រឆាំងនឹងកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកជាទឹកដីរបស់ចិន នៅក្នុងជម្លោះដែលទំនងជា ទាក់ទាញសហរដ្ឋអាមេរិកឱ្យចូលទៅក្នុងសង្រ្គាមធំជាងការឈ្លានពានអ៊ុយក្រែន។
វាអាចបង្កឱ្យមានការខឹងសម្បារនៅក្នុងស្រុក ធ្វើឱ្យប៉ះពាល់ដល់ជោគវាសនានយោបាយរបស់លោក បៃដិន ក្នុងនាមជាប្រធានាធិបតីអាមេរិក ព្រមទាំងប្រជាប្រិយភាពរបស់បក្សប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាពាក់កណ្ដាល នឹងឈានចូលមកដល់នៅថ្ងៃខែវិច្ឆិកា ឆ្នាំ២០២២នេះ។ លោកប្រធានាធិបតី បានសន្យា ជាមួយប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងចាត់វិធានការ«យ៉ាងឆាប់រហ័ស និងយ៉ាងម៉ឺងម៉ាត់»ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។
លើសពី នេះ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏អាចបង្កឱ្យតម្លៃប្រេង ឬឧស្ម័នឡើងថ្លៃផងដែរ ជាពិសេសនៅតំបន់អឺរ៉ុបដែលនេះអាចនឹងធ្វើឱ្យ រដ្ឋាភិបាលរបស់ពួកគេត្រូវប្រឈមមុខនឹងការខឹងសម្បារ ឬបាតុកម្មតវ៉ាពីប្រជាជនខ្លួនឯង។ ម្យ៉ាងវិញទៀត វាក៏អាចបំផ្លាញដល់ទំនុកចិត្តនៃបណ្ដាប្រទេសដទៃ ជាពិសេសសម្ពន្ធមិត្តលើសហរដ្ឋអាមេរិកផងដែរ ព្រោះថាបើមិនអាចការពារ អ៊ុយក្រែនដែលជាប្រទេសប្រជាធិបតេយ្យពីការឈ្លានពានរបស់រុស្ស៊ី ដែលលោកខាងលិចចាត់ទុកថាជាប្រទេសផ្ដាច់ការបានផងនោះ តើអាមេរិក និងលោកខាងលិច មានមុខមាត់អ្វី ដើម្បីនិយាយពីការការពារប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្ដាច់ការ។
គណបក្សសាធារណរដ្ឋ បានព្យាយាមលើកឡើង លោក បៃដិន ថា ទន់ខ្សោយរួចហើយ និងផ្តល់ចំណាប់អារម្មណ៍ថា អ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដ៏រឹងមាំក្នុងការបញ្ចុះបញ្ចូលលោក ពូទីន មិនឱ្យឈ្លានពាន រួមទាំងការត្រៀមដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដែលអាមេរិក និងលោកខាងលិចធ្លាប់បានដាក់មកលើទីក្រុងមូស្គូ។ បរាជ័យក្នុងការមានឥទ្ធិពលលើមេដឹកនាំរុស្ស៊ី។ អតីតប្រធានាធិបតី ដូណាល់ ត្រាំ អះអាងនៅក្នុងបទសម្ភាសន៍សារព័ត៌មាន Fox កាលពីថ្ងៃសៅរ៍ថា លោក ពូទីន ត្រូវបានលើកទឹកចិត្តឱ្យប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ដោយសារតែការជម្លៀសដ៏វឹកវររបស់ក្រុម បៃដិន ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ លោក ត្រាំ បាននិយាយថា«នៅពេលដែលពួកគេបានមើលរឿងទាំងអស់នោះ ខ្ញុំគិតថា ពួកគេមានភាពក្លាហាន»។
គួរបញ្ជាក់ថា ការស្ទង់មតិចុងក្រោយបំផុតចេញផ្សាយដោយសារព័ត៌មាន CNN កាលពីសប្ដាហ៍មុន បានបង្ហាញថាអត្រាគាំទ្រលោក បៃដិន បាន ធ្លាក់ចុះមកនៅត្រឹមតែ ៤១ភាគរយប៉ុណ្ណោះ។ ហើយបើសិន ការឈ្លានពានណាមួយរបស់រុស្ស៊ីលើអ៊ុយក្រែនអាចនឹងកាន់តែបន្ថែមសម្ពាធលើ លោក បៃដិន ខណៈប្រវត្តិសាស្ត្របានបញ្ជាក់ថាប្រធានាធិបតីអាមេរិក ដែលស្ថិតនៅក្នុងវិបត្តិច្រើន តែងតែទទួលបរាជ័យនៅក្នុងការបោះឆ្នោត ពាក់កណ្ដាលអាណត្តិ នៅក្នុងអាណត្តិដំបូងរបស់ខ្លួន៕
ប្រភព៖ CNN