មូស្គូ ៖ សារព័ត៌មាន The Moscow ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ បានអំពាវនាវដល់កម្លាំងទាហានអ៊ុយក្រែនផ្តួលរំលំរដ្ឋាភិបាល ដកតំណែងប្រធានាធិបតី ដើម្បីឡើងកាន់តំណែងដឹកនាំរដ្ឋាភិបាលងាយស្រួលក្នុងការពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងមូស្គូ។
នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីពូទីនបានផ្ញើសារទៅកាន់កម្លាំងទាហានអ៊ុយក្រែនថា រុស្ស៊ីនឹងព្រមព្រៀងជាមួយកម្លាំងទាហានអ៊ុយក្រែន ដោយមិនចង់ពិភាក្សាជាមួយ«ក្រុមញៀនថ្នាំ និងដើរតាមហ្វាស៊ីស និយម » ដែលលោកពូទីន ចង់សំដៅទៅលើរដ្ឋាភិបាលអ៊ុយក្រែនសព្វថ្ងៃ។
លោកពូទីន បានលើកឡើងថា «ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវ ដល់កម្លាំងប្រដាប់អាវុធអ៊ុយក្រែន មិនត្រូវទុកឱ្យថ្នាក់ដឹកនាំអ៊ុយក្រែន ប្រើប្រាស់ប្រពន្ធកូនធ្វើជាផ្ទាំងស៊ីបរងគ្រាប់នោះឡើយ»។ ប្រធានាធិបតីពូទីន បញ្ជាក់ថា «សូមយោធាអ៊ុយក្រែនឡើងកាន់អំណាច យើងងាយស្រួលទទួលបានកិច្ចព្រមព្រៀង»។
ជាមួយគ្នានេះដែរប្រធានាធិបតីពូទីនក៏បានសរសើរដល់កម្លាំងទាហានរុស្ស៊ីដែលមានសកម្មភាពក្លាហាន ឯកទេសនៅក្នុងការធ្វើសង្គ្រាម ។
ការអំពាវនាវដល់កម្លាំងទាហានអ៊ុយក្រែនឱ្យធ្វើរដ្ឋប្រហារនេះមិនមែនជារឿងងាយស្រួលនោះឡើយ ដោយពេលនេះប្រធានាធិបតីអ៊ុយក្រែន ក៏ត្រូវបានគេមើលឃើញស្ថិតនៅជួរមុខប្រយុទ្ធ ដើម្បីប្រជាជនរបស់គាត់ដែរ។
ក្រុមអ្នកសារព័ត៌មានបានប្រមាញ់ ឃើញពីសកម្មភាពរបស់ប្រធានាធិបតីអ៊ុយក្រែន គឺលោកនៅជួរមុខប្រយុទ្ធ ដើម្បីប្រជាជនរបស់លោក ដូចអ្វីដែលគាត់បានប្រកាសមិនរត់ចេញពីទីក្រុងកៀវ របស់អ៊ុយក្រែននោះឡើយ។ ប្រធានាធិបតី Zelensky បានកាន់អាវុធ និងចូលរួមជាមួយកងទ័ព ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៊ី៕