កាន់តែក្តៅហើយ! ក្រុមឧទ្ទាម៣ក្រុមចេញមុខព្រមានចំៗថា ​បើការបង្ហូរឈាមពលរដ្ឋមីយ៉ាន់ម៉ាមិនបានបញ្ឈប់នោះទេ យើងនឹងធ្វើសង្គ្រាម...
អន្តរជាតិ
765

អន្តរជាតិ៖ សារព័ត៌មាន The Irrawaddy បានចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា ​កងទ័ពArakan(AA) និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលជាដៃគូរបស់ខ្លួន បាននិយាយថា ពួកគេត្រៀមខ្លួនចូលរួមជាមួយប្រជាជនជនជាតិភាគតិចទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ប្រសិនបើការសម្លាប់ដ៏ឃោរឃៅលើក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារនៅតែបន្តកើតមាន។

​ក្រុមកងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា​(MNDAA) ,​ កងទ័ពរំដោះជាតិ​Ta’ang(TNLA) និង​ កងទ័ពArakan(AA)​ បានថ្កោលទោសលើរបបយោធាកាលព​ថ្ងៃច័ន្ទ បន្ទាប់ពីចំនួនជនស៊ីវិលដែលបានស្លាប់ដោយសារការបង្ក្រាបដ៏សាហាវទៅលើក្រុមបាតុករ ប្រឆាំងនឹងរបប នេះបានកើនឡើងដល់យ៉ាងហោចណាស់​៥២០​នាក់នៅទូទាំងប្រទេស។

ការប្រយុទ្ធដើម្បីស្វ័យភាពកាន់តែខ្លាំងនៅរដ្ឋ រ៉ាក់ឃីន(Rakhine)​នៅភាគខាងលិចប្រទេស ​កងទ័ពArakan(AA)បានក្លាយជាកម្លាំងមួយដ៏រឹងមាំបំផុត ដែលបានកាន់កាប់លើយោធាមីយ៉ាន់ម៉ា ក្នុងរយៈពេល​​២ ឆ្នាំកន្លងមក។ ការប្រយុទ្ធគ្នារវាង​កងព័ទArakan(AA) និងយោធាមីយ៉ាន់ម៉ា​ កាន់តែខ្លាំងឡើងជាលំដាប់ចាប់ពីខែវិច្ឆិកាឆ្នាំ​២០១៨ ដល់ដើមខែវិច្ឆិកាឆ្នាំ​២០២០​។ ជម្លោះនេះបានបណ្តាលឲ្យស្លាប់ជនស៊ីវិលរាប់រយនាក់ និង​ធ្វើឲ្យ​ប្រជាជនជាង​២០០.០០០​នាក់ ត្រូវបានជម្លៀសចេញពីទីលំនៅដ្ឋាន។ ថ្មីៗនេះ របបយោធា​ បានដក​កងទ័ពArakan(AA) ចេញពីបញ្ជីរបស់ក្រុមភេរវកម្ម បន្ទាប់ពីការប្រយុទ្ធគ្នារវាងភាគីទាំងពីរបានធ្វើបទឈប់បាញ់​កាលពីខែវិច្ឆិកា។

អ្នកនាំពាក្យកងព័ទArakan(AA) លោក Khaing Thukha បានប្រាប់ សារព័ត៌មាន​The Irrawaddy ថា វាដល់ពេលដែលអង្គការជនជាតិភាគតិចត្រូវរួមគ្នា ដើម្បីការពារជនស៊ីវិលដែលត្រូវបានគេជិះជាន់ពីរបបយោធា។ លោកបានមានប្រសាសន៍ថា«​ យើងត្រូវខិតខំអស់ពីសមត្ថភាព ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនដែលត្រូវបានគេជិះជាន់»។

លោកក៏បាន ជំរុញឲ្យមេដឹកនាំធ្វើរដ្ឋប្រហារ ចូលកិច្ចពិភាក្សា ដើម្បីដោះស្រាយវិបត្តិដោយមធ្យោបាយនយោបាយ ខណៈដែលប្រជាជននៅទូទាំងប្រទេសបានអំពាវនាវឲ្យបញ្ឈប់ការគ្រប់គ្រងយោធា និងការដោះលែងមេដឹកនាំស៊ីវិលទាំងអស់និងអ្នកជាប់ឃុំដទៃទៀត និងដើម្បីឲ្យរបបនេះទទួលយកលទ្ធផល​នៃការបោះឆ្នោតកាលពីឆ្នាំ​២០២០​។

កងទ័ពArakan(AA), កងទ័ពរំដោះជាតិ​Ta’ang(TNLA) និង កងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា​(MNDAA)បានព្រមាន​យោធា ថា ពួកគេនឹងសហការជាមួយ អង្គការប្រដាប់អាវុធជនជាតិភាគតិចដទៃទៀត និងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីការពារខ្លួនពីការបង្ក្រាបដ៏ឃោរឃៅរបស់របបនេះ ប្រសិនបើអំពើហិង្សានៅតែបន្តកើតមាន។

ទោះបីជាមានការបង្ក្រាបយ៉ាងសាហាវរបស់យោធា ដែលកំពុងបន្តលើក្រុមបាតុករ ប្រឆាំងនឹងរបបនេះក៏ដោយ ក៏ប្រជាជននៅទូទាំងប្រទេសនៅតែបន្តដើរតាមផ្លូវ ដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។ យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា យោធាបានឃុំខ្លួនមនុស្សសរុបចំនួន ២.៥៧៤នាក ​ក្នុងនោះមានទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី , អ្នកនយោបាយដទៃទៀត សកម្មជននិងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា កងទ័ពឯករាជ្យកាឈិន​(KIA) បានធ្វើការវាយលុក​ទីតាំងយោធានិងប៉ូលីសនៅរដ្ឋកាឈិននិងរដ្ឋសានភាគខាងជើង ចាប់តាំងពីថ្ងៃទី​១១ ខែមីនា ដោយនិយាយថា ខ្លួនឈរជាមួយប្រជាជន។ ការវាយលុយនេះបានកើតឡើងបន្ទាប់ពីជនស៊ីវិល២នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងការបង្ក្រាបមួយដោយកម្លាំងសន្តិសុខទៅលើក្រុមបាតុករប្រឆាំងនឹងរបបយោធា នៅរដ្ឋMyitkyinaនៃរដ្ឋកាឈិន កាលពីថ្ងៃទី ៨ ខែមីនា៕ ប្រភព៖ The Irrawaddy


Telegram