អន្តរជាតិ៖ សារព័ត៌មាន The Irrawaddy បានចេញផ្សាយនៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកផ្តល់ជំនួយអភិវឌ្ឍន៍ដ៏ធំបំផុតលើមីយ៉ាន់ម៉ា គឺប្រទេសជប៉ុននិយាយថា ខ្លួនបានផ្អាកកម្មវិធីជំនួយថ្មី បន្ទាប់ពីការបង្ក្រាបដ៏ឃោរឃៅកាលពីថ្ងៃសៅរ៍កន្លងទៅ ទៅលើក្រុមបាតុករ។ ក្រុមសិទ្ធិមនុស្ស បានទទូចសុំម្តងហើយម្តងទៀត ឲ្យប្រទេសជប៉ុន ផ្អាកកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) របស់ខ្លួននិងដាក់ទណ្ឌកម្មជាគោលដៅទៅលើមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា។
ប្រទេសជប៉ុន បានព្យាយាមបង្កើតខ្លួនជាគូប្រកួតប្រជែងចំពោះវត្តមានរបស់ចិន ដែលកំពុងកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
លោកToshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានប្រាប់សភាជប៉ុនថា« ប្រទេសជប៉ុនគឺជាអ្នកផ្តល់ជំនួយសេដ្ឋកិច្ចធំជាងគេដល់ប្រទេសមីយ៉ាន់ម៉ា ហើយយើងក៏មិនមានគម្រោងថ្មីដែរ។ យើងបានប្រកាន់ជំហរច្បាស់ហើយ»។
រដ្ឋមន្រ្តីក្រសួងការបរទេស បានជំរុញឲ្យបញ្ឈប់ការផ្តល់ជំនួយអភិវឌ្ឍន៍ ដែលនឹងធ្វើឱ្យមានការដាក់សម្ពាធលើយោធាច្រើនជាងការដាក់ទណ្ឌកម្ម។
ក្នុងរយៈពេលជិត២ទសវត្ស ប្រទេសជប៉ុនបានផ្តល់ប្រាក់កម្ចីប្រហែល១លានលានយ៉េន ជំនួយឥតសំណងជាង៣០០ ពាន់លានយ៉េន និងជំនួយបច្ចេកទេស៨៨ពាន់លានយ៉េន នេះបើយោងតាមក្រុមសិទ្ធិមនុស្ស។
ក្រសួងការបរទេសជប៉ុន បាននិយាយថា ខ្លួនបានផ្តល់ជំនួយ ODA ជិត១៩០ ពាន់លានយ៉េនដល់ប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៩ ដែលរួមមានប្រាក់កម្ចី ៦៨,៨ ពាន់លានយ៉េន ជំនួយ ១៣,៨ ពាន់លានយ៉េន និងជំនួយបច្ចេកទេស ៦,៦ ពាន់លានយ៉េន។
នៅក្នុងថវិកាកាលពីឆ្នាំមុន ប្រទេសជប៉ុនបាន ប្តេជ្ញាចិត្តក្នុងការផ្តល់ប្រាក់កម្ចីចំនួន៤ ដែលមានតម្លៃប្រហែល ១,១ ពាន់លានដុល្លារអាមេរិក(១,៦ លានលានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់ប្រព័ន្ធលូ ការអភិវឌ្ឍទីក្រុង ការចែកចាយថាមពល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់និងរដ្ឋចំនួន៧។
កាលពីថ្ងៃអាទិត្យ ប្រទេសជប៉ុនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ពីប្រមុខការពារជាតិ នៃប្រទេសចំនួន ១២ ដែលថ្កោលទោស ចំពោះការប្រើកម្លាំងដ៍សាហាវប្រឆាំងនឹងជនស៊ីវិល បន្ទាប់ពីមានការសម្លាប់រង្គាលនៃជនស៊ីវិលជាង១០០នាក់នៅទិវាកងកម្លាំងប្រដាប់អាវុធ។
ទីក្រុងតូក្យូមិនទាន់បានដាក់ទណ្ឌកម្មជាគោលដៅទៅលើមេដឹកនាំធ្វើរដ្ឋប្រហារនៅឡើយនោះទេ។ ចាប់តាំងពីឆ្នាំ ២០១៦មក ជប៉ុនបានក្លាយជាវិនិយោគិនធំលំដាប់ទី៥នៅមីយ៉ាន់ម៉ា ដោយមានសហគ្រាសចុះបញ្ជីចំនួន ៣៧ ។ យោងតាមអគ្គនាយកវិនិយោគនិងរដ្ឋបាលក្រុមហ៊ុនមីយ៉ាន់ម៉ា បានឱ្យដឹងថា ក្រុមហ៊ុននេះបានវិនិយោគជាង ១,៣ ពាន់លានដុល្លារ ក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ។
បន្ទាប់ពីរដ្ឋប្រហារនេះ ក្រុមហ៊ុនផលិតភេសជ្ជៈជប៉ុនគីរីនបានបញ្ចប់ការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន ដែលគ្រប់គ្រងដោយយោធាគឺក្រុមហ៊ុន Myanma Economic Holdings Public Co. , Ltd៕ ប្រភព៖ The Irrawaddy