អន្តរជាតិ៖ សារព័ត៌មាន Reuters បានចេញផ្សាយនៅព្រឹកថ្ងៃ០១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រេសិតពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា លោកស្រី Christine Schraner Burgener បានប្រាប់សម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធថា« ការបង្ហូរឈាមមួយជិតមកដល់» ដោយសារតែការបង្ក្រាបរបស់យោធាកាន់តែខ្លាំងឡើងទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ។
លោកស្រី Schraner Burgener បានប្រាប់សម័យប្រជុំ របស់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ នាក់ថា យោធាដែលដណ្តើមអំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែកុម្ភៈ មិនមានសមត្ថភាពក្នុងការគ្រប់គ្រងប្រទេសនោះទេ ហើយបានព្រមានថា ស្ថានភាពនៅលើដីនឹងកាន់តែអាក្រក់ទៅ ៗ ។
លោកស្រីបាននិយាយថា «ខ្ញុំទទូចឱ្យក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ពិចារណាលើជម្រើសទាំងឡាយដែលអាចធ្វើទៅបាន ដើម្បីធ្វើសកម្មភាពការពារ កុំឱ្យគ្រោះមហន្តរាយទ្រង់ទ្រាយធំកើតឡើង នៅចំកណ្តាលបេះដូងនៃទ្វីបអាស៊ី»។
លោកស្រីបានគូសបញ្ជាក់ថា ក្រុមប្រឹក្សាត្រូវតែពិចារណាពី«សកម្មភាពដ៏មានសក្តានុពល» ដើម្បីបញ្ច្រាសទិសដៅនៃព្រឹត្តិការណ៍ដែលថា« ការបង្ហូរឈាមនឹងជិតមកដល់»។
ប្រទេសអង់គ្លេស បានស្នើសុំការប្រជុំនៅឯអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដើម្បីឆ្លើយតបនឹងអំពើហិង្សាកាន់តែអាក្រក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ បានឲ្យដឹងថា យ៉ាងហោចណាស់មានជនស៊ីវិល ៥២១ នាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ដែលក្នុងនោះមានចំនួនមនុស្ស ១៤១ នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន គឺជាថ្ងៃដ៏បង្ហូរឈាមបំផុត ។
ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Barbara Woodward បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីសន្និសីទក្រុមប្រឹក្សានេះថា« អំពើហិង្សារបស់ពួកយោធា គឺមិនអាចទទួលយកបានទាំងស្រុងនោះទេ ហើយទាមទារឲ្យមានការជួយអន្តរាគមន៍ ពីសហគមន៍អន្តរជាតិ»។
លោកស្រីបានបន្ថែមថា ក្រុមប្រឹក្សាសន្តិសុខ គួរតែដើរតួនាទីរបស់ខ្លួនក្នុងការឆ្លើយតបជាអន្តរជាតិ។
រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាបានចេញសេចក្តីថ្លែងការណ៍ចំនួន២ ដែលសម្តែងការព្រួយបារម្ភ និងថ្កោលទោសអំពើហិង្សា ប្រឆាំងនឹងក្រុមបាតុករ៕ ប្រភព៖ Reuters