អន្តរជាតិ៖ សារព័ត៌មាន The Irrawaddy បានចេញផ្សាយនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីមានមនុស្ស ៦នាក់ទៀត ត្រូវបានសម្លាប់ដោយកងកម្លាំងរបស់របបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយរបបនេះកើនដល់ ៥៤០ នាក់។
ទោះបីជាមានការថ្កោលទោសជាទូទៅពីសំណាក់ប្រជាជនមីយ៉ាន់ម៉ានិងសហគមន៍អន្តរជាតិក៏ដោយ ក៏របបយោធានៅតែបន្តបង្កើនការបង្ក្រាបនិងការវាយប្រហារដ៏សាហាវរបស់ខ្លួនទៅលើក្រុមអ្នកតវ៉ា ។
កម្លាំងរបស់របបនេះ ត្រូវបានគេរាយការណ៍ថា បានប្រើគ្រាប់បែកដៃនិងគ្រឿងផ្ទុះជាច្រើននៅក្នុងការវាយប្រហាររបស់ពួកគេទៅលើបាតុកម្មប្រឆាំងនឹងរបបនៅក្នុងប្រទេស។
យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយថាគិតត្រឹមថ្ងៃពុធមនុស្សប្រហែល ៥៣៦ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងរបស់របបយោធាចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។
នៅរសៀលថ្ងៃព្រហស្បតិ៍នេះកម្លាំងសន្តិសុខបានវាយប្រហារ ទៅលើការហែក្បួនប្រឆាំងរបបនៅទីក្រុងធំទី ២ របស់ប្រទេសមីយ៉ាន់ម៉ា។
សមាជិកម្នាក់នៃសង្គមជួយសង្គ្រោះនៅក្នុងទីក្រុងបានប្រាប់សារព័ត៌មាន The Irrawaddy ថា យ៉ាងហោចណាស់ មានមនុស្ស២នាក់បានស្លាប់និងជាច្រើននាក់ទៀតរងរបួស។
លោកបាននិយាយថា កម្លាំងសន្តិសុខ ក៏បានបាញ់ទៅលើផ្ទះ និងបានប្រើគ្រាប់រំសេវដែលបំផ្ទុះ ក្នុងពេលបង្ក្រាបក្រុមបាតុករ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃច័ន្ទ អ្នកភូមិបានធ្វើការវាយលុកមួយប្រឆាំងនឹងកងកម្លាំងយោធា ដែលបានធ្វើដំណើរទៅកាន់ទីប្រជុំជន ក្នុងតំបន់កាឡេ ។
ចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍ដល់ល្ងាច ក្រុមអ្នកភូមិនិងកងកម្លាំងយោធា បានប៉ះទង្គិចគ្នា នៅទីតាំងមួយចម្ងាយ ១៥ ម៉ាយពីទីប្រជុំជន ។
អ្នកភូមិជាស្ត្រីដែលជួយអ្នករបួស បានប្រាប់ The Irrawaddy ថា ក្នុងពេលប៉ះទង្គិចគ្នា អ្នកភូមិ២នាក់ត្រូវបានសម្លាប់ និង ៣ នាក់បានរងរបួស ដោយសារការបាញ់កាំភ្លើងរបស់កងកម្លាំងរបបនេះ។
បច្ចុប្បន្ននេះអ្នកភូមិជាច្រើនកំពុងភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដោយខ្លាចមានការវាយឆ្មក់ពីសំណាក់កងសន្តិសុខ៕
ប្រភព៖ The Irrawaddy