អន្តរជាតិ៖ សារព័ត៌មាន The Irrawaddy បានចេញផ្សាយនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៥ នាក់ត្រូវបានសម្លាប់ និងអ្នកតវ៉ា ២ នាក់ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងយោធាភូមា កាលពីថ្ងៃអាទិត្យ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ទៅជាង ៥៦០ នាក់ ក្នុងរយៈពេល ៦៣ ថ្ងៃ ចាប់តាំងពីរដ្ឋប្រហារ។ ក្នុងចំណោមការស្លាប់នៅថ្ងៃអាទិត្យគឺមានអ្នកភូមិ២នាក់ ដែលត្រូវបានចាប់ខ្លួនដោយទាហាននិងប៉ូលិសនៅថ្ងៃទី ២ ខែមេសា។
ក្នុងអំឡុងពេលនៃ ការប៉ះទង្គិចគ្នា ជាមួយអ្នកភូមិនៅក្បែរភូមិ Thapyayaye នៃសង្កាត់ Yinmabin ក្នុងតំបន់Sagaing កងកម្លាំងរបស់របបនេះបានចាប់ខ្លួនជនស៊ីវិលប្រហែល ៨ នាក់ក្នុងនោះមានអ្នកខ្លះបានរងរបួស។
អ្នកស្រុកម្នាក់ បានប្រាប់សារព័ត៌មាន The Irrawaddy ថា ក្រុមគ្រួសារគេត្រូវបានទាក់ទងមកនៅព្រឹកថ្ងៃអាទិត្យដោយបានប្រាប់អោយទៅយកសាកសពរបស់មនុស្ស២នាក់ដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន។ អ្នកភូមិផ្សេងទៀតដែលត្រូវបានចាប់ខ្លួនមិនទាន់ត្រូវបានដោះលែងនៅឡើយនោះទេ។
នៅទីក្រុង Bhamo នៃរដ្ឋកាឈិន អ្នកយាមពេលយប់ស្ម័គ្រចិត្តអាយុ ២៥ឆ្នាំ ត្រូវបានទាហាននិងប៉ូលិសបាញ់សម្លាប់ អំឡុងការវាយឆ្មក់របស់កងកម្លាំងទៅលើតំបន់ដែលមានប្រជាជនរស់នៅ កាលពីប្រហែលម៉ោង ៣ ព្រឹក និងប្រហែលជា ១០ នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថាត្រូវបានចាប់ខ្លួនផងដែរ។
ទោះបីជាមានការសម្លាប់មុនពេលថ្ងៃរះក៏ដោយ ក៏ក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ នៅក្នុងទីក្រុងជាច្រើនបានបន្តធ្វើបាតុកម្មរបស់ពួកគេសម្រាប់ការបញ្ចប់នៃរបបផ្តាច់ការដោយត្រឡប់ទៅតាមផ្លូវវិញ។
ក្រុមបាតុករជាច្រើន បានចាប់ផ្តើមយុទ្ធនាការចុងក្រោយរបស់ពួកគេគឺ«ការធ្វើកូដកម្ម ពង Easter» ដោយតុបតែងនិងគូរសារនៅលើស៊ុតនិងចែករំលែករូបភាពនៅលើបណ្តាញសង្គម ក៏ដូចជាសហគមន៍នៅថ្ងៃបុណ្យអ៊ីស្ទើរ ដោយសង្ឃឹមថា នឹងមានប្រព័ន្ធស្តារប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេស។
អ្នកលេងអ៊ីនធឺណេតម្នាក់បានសរសេរនៅលើ អ៊ីនធឺណេតថា« សូមអោយបុណ្យអ៊ីស្ទើរនេះធ្វើអោយរស់ឡើងវិញនូវអនាគតដែលបាត់បង់របស់យើង»។ ម្នាក់ទៀតបានសរសេរថា« មីយ៉ាន់ម៉ា អាចចាប់កំណើតឡើងវិញ ជាមួយនឹងលទ្ធិប្រជាធិបតេយ្យពិតម្តងទៀត» ។
ចាប់តាំងពីព្រឹកព្រលឹម ក្រុមបាតុកររាប់រយនាក់នៅក្នុងទីក្រុងធំបំផុតទី ២ បានដង្ហែក្បួនប្រឆាំងនឹងរបបនេះ។
ការតវ៉ាទ្រង់ទ្រាយធំក៏បានកើតឡើងនៅតាមទីប្រជុំជនផ្សេងទៀតរួមមាន Pyinmana នៃទីក្រុង Nay Pyawaw Launglon និងតំបន់ Dawei នៃតំបន់ Tanintharyi, Hpakant នៃរដ្ឋ Kachin, Katha, Kyunhla និងតំបន់ Ye U តំបន់ Loikaw នៃរដ្ឋ Kayah និងតំបន់ Winyaw នៃខេត្ត Kayin និងតំបន់ដទៃទៀត។
យ៉ាងហោចណាស់ អ្នកតវ៉ា ៥នាក់ ត្រូវបានឃុំខ្លួននិងអ្នកផ្សេងទៀតបានរងរបួស ក្នុងពេលការបង្ក្រាបរបស់កងកម្លាំងសន្តិសុខទៅលើការតវ៉ាមួយនៅក្នុងសង្កាត់ Minelone សង្កាត់ Loikaw នៃរដ្ឋ Kayah ។ នៅឯទីប្រជុំជន Tamwe នៃទីក្រុងយ៉ាំងហ្គោន ក្រុមបាតុករយុវជនយ៉ាងតិច ៨ នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ។
គិតត្រឹមល្ងាចថ្ងៃអាទិត្យយ៉ាងហោចណាស់ មានមនុស្ស ៥៦៤ នាក់ត្រូវបានសម្លាប់ ដោយកងកម្លាំងនៃរបស់របបនេះ ហើយជាង ២៦០០ នាក់ទៀតកំពុងត្រូវបានឃុំខ្លួន៕ ប្រភព៖ The Irrawaddy