តម្លៃប្រេងសាំងបន្តហក់ឡើងខ្ពស់ទូទាំងប្រទេស ករណីចោរលួចហ្គាសនៅអាមេរិក កំពុងកើនឡើងយ៉ាងគំហុក
អន្តរជាតិ
245

អាមេរិក៖ សារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា បុរស ម្នាក់បាម ព្យាយាម លួច សាំង ពី រថយន្ត ដឹកទំនិញ ដែល ចត នៅកន្លែងហាងមួយកន្លែង ខណៈ តម្លៃ ប្រេង បន្ត ហក់ ឡើង ។ ឧប្បត្តិហេតុដ៏ នេះ ត្រូវបានថតជាប់តាមកាមេរ៉ាសុវត្ថិភាព ខណៈដែលគេឃើញបុរសនោះ ព្យាយាមបូមប្រេងចេញពីធុងរថយន្តដឹកទំនិញ ដែលនៅជាប់នឹង រថយន្តភីកអាប់ពណ៌សរបស់ខ្លួន នៅទីក្រុងសលត៍លេក( Salt Lake)។

អ្នកគ្រប់គ្រងសាខា ហាងខាងលើ បាននិយាយថា «បុរសនោះបានព្យាយាមដកបំពង់ហ្គាស ចេញ ហើយ មិនបានយក ទុយោ មកបូមនោះទេ បុរសនោះ បានសម្រេចចិត្តខួងធុងហ្គាស ហើយនោះជាពេលដែលបុរសនោះត្រូវ បានភ្លើងឆាបឆេះតែម្តង»។

បុរសម្នាក់នេះ ត្រូវបានគេឃើញថាបានរមៀលនៅលើដី ដើម្បីពន្លត់ភ្លើងដែលឆេះ សម្លៀកបំពាក់របស់ខ្លួន បន្ទាប់មក រមៀលលើដីរហូតភ្លើងរលត់ បុរស នោះ ក៏ ក្រោក អង្គុយ ហើយ ដោះ អាវ ដែល ឆេះ ចេញទាំងភាពតក់ស្លុត។

ជាមួយគ្នានេះ លោក Tony Allred ប្រធានផ្នែកពន្លត់អគ្គិភ័យទីក្រុង Salt Lake បាននិយាយថា «ដោយសារតម្លៃហ្គាសទូទាំងប្រទេសហក់ឡើងខ្ពស់ យើងកំពុងមើលឃើញការកើនឡើងយ៉ាងគំហុកនៃអត្រាលួចហ្គាស»។ លោក Allred បន្តថា «ការខួងចូលទៅក្នុងធុងហ្គាស គឺមានគ្រោះថ្នាក់បំផុត សម្រាប់ចោរលួច»។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ខែមិថុនា តម្លៃជាមធ្យមគឺ ៥.០១ ដុល្លារ បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ថ្មី ៥.០២ដុល្លារកាលពីថ្ងៃអង្គារ។

លើសពីនេះ ហ្គាស មានតម្លៃថ្លៃបំផុតនៅរដ្ឋកាលីហ្វ័រញ៉ា ដោយនៅទីនោះ តំបន់ខ្លះ តម្លៃហ្គាសបានកើនដល់ជិត ៧ដុល្លារក្នុងមួយហ្គាឡុង ខណៈតម្លៃទាបបំផុតគឺនៅរដ្ឋ Georgia ត្រឹម៤.៤៩ដុល្លារ។

បន្ថែមពីនេះ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទាមទារឲ្យក្រុមហ៊ុនចម្រាញ់ប្រេង ពន្យល់អំពីតម្លៃដែលពួកគេចំណាយសម្រាប់ប្រេង និងតម្លៃដែលពួកគេកំពុងគិត ដល់ប្រជាជនអាមេរិក។

លោកប្រធានាធិបតីបញ្ជាក់ថា «ចាប់តាំងពីដើមឆ្នាំនេះមក តម្លៃសាំងបានកើនឡើងជាង ១.៧០ដុល្លារក្នុងមួយហ្គាឡុង»។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋបាលអាមេរិក បាន បន្ទោស ការ ឡើង ថ្លៃ ប្រេង ទៅលើ ការ បន្តវាយលុករបស់ រុស្ស៊ី នៅអ៊ុយក្រែន ដែល បាន ចាប់ ផ្តើម នៅ ចុង ខែ កុម្ភៈ និង លើ ក្រុមហ៊ុន ប្រេង ធំៗ ដែល លោភលន់៕

Telegram