រុស្ស៊ី វាយដណ្តើមចូលទីក្រុងសំខាន់នៅភាគខាងកើតអ៊ុយក្រែនដោយជោគជ័យ ខណៈណាតូ ព្រមានពីសង្គ្រាមអាចអូសបន្លាយរាប់ឆ្នាំ
អន្តរជាតិ
259

គៀវ៖ រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យ (១៩ មិថុនា) ថា ខ្លួនបានដណ្តើមយកភូមិមួយនៅជិតទីក្រុងឧស្សាហកម្ម Sievierodonetsk របស់ប្រទេសអ៊ុយក្រែន ដែលជាគោលដៅសំខាន់ក្នុងយុទ្ធនាការរបស់ទីក្រុងមូស្គូ ដើម្បីគ្រប់គ្រងភាគខាងកើតរបស់ប្រទេស ខណៈដែលប្រមុខណាតូ បានព្យាករណ៍ថា សង្រ្គាមអាចអូសបន្លាយរាប់ឆ្នាំ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនបានឈ្នះតំបន់ Metyolkine ដែលជាការតាំងទីលំនៅរបស់ប្រជាជន ជាង៨០០ នាក់ មុនពេលសង្រ្គាមចាប់ផ្តើម។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា យុទ្ធជនអ៊ុយក្រែនជាច្រើននាក់បានចុះចាញ់នៅទីនោះ។

យោធាអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានទទួលជោគជ័យមួយផ្នែកនៅក្នុងតំបន់ ដែលមានចម្ងាយប្រហែល៦គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងSievierdonetsk ។

ស្របពេលជាមួយគ្នានេះ កាសែត Bild am Sonntag របស់អាល្លឺម៉ង់ បានរាយការណ៍ថា អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ការផ្គត់ផ្គង់សព្វាវុធទំនើបដល់កងទ័ពអ៊ុយក្រែន នឹងជំរុញឱកាសនៃការរំដោះតំបន់ Donbas ភាគខាងកើតរបស់ខ្លួនចេញពីការគ្រប់គ្រងរបស់រុស្ស៊ី។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ី បានផ្តោតលើការព្យាយាមគ្រប់គ្រងទាំងស្រុងនៃ Donbas ដែលផ្នែកខ្លះត្រូវបានកាន់កាប់ដោយពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី មុនការឈ្លានពានថ្ងៃទី ២៤ ខែកុម្ភៈ បន្ទប់ពីបរាជ័យក្នុងការដណ្តើមយករដ្ឋធានី គៀវ នៅដើមសង្រ្គាម។

យ៉ាងណាមិញ អភិបាលក្រុង Luhansk លោក Serhiy Gaidai បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា ការប្រយុទ្ធគ្នាបានធ្វើឱ្យមានការជម្លៀសចេញពីទីក្រុងមិនអាចទៅរួចនោះទេ ប៉ុន្តែថា «រុស្ស៊ីទាំងអស់អះអាងថា ពួកគេគ្រប់គ្រងទីក្រុងគឺជាការកុហក។ ពួកគេគ្រប់គ្រងផ្នែកសំខាន់នៃទីក្រុង ប៉ុន្តែមិនមែនទីក្រុងទាំងមូលនោះទេ។» ក្នុងចំណោមសហគមន៍ជុំវិញ ទីក្រុង Sievierdonestk លោក Gaidai បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា ការវាយប្រហាររបស់រុស្ស៊ីលើ ទីក្រុង Toshkivka ចម្ងាយ៣៥គីឡូម៉ែត្រភាគខាងត្បូង «បានទទួលជោគជ័យកម្រិតមួយ»។

លើសពីនេះ លោក Stoltenberg ត្រូវ បាន ដក ស្រង់ សម្តី ថា ៖ « យើង ត្រូវ តែ ត្រៀម ខ្លួន សម្រាប់ ការ ពិត ដែល វា អាច ចំណាយ ពេល រាប់ ឆ្នាំ។ យើង មិន ត្រូវ បោះបង់ ចោល ក្នុង ការ គាំទ្រ អ៊ុយក្រែន ឡើយ»។

បន្ថែមពីនេះ រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយលុករបស់ខ្លួនដើម្បី យកឈ្នះទីក្រុង Sievierdonetsk កំពុងដំណើរការដោយជោគជ័យ៕

ប្រភព៖ Channel News Asia

Telegram