ស្រីលង្កា៖ ប៉ូលិសបាននិយាយថា ជនស៊ីវិល៤នាក់ និងទាហាន៣នាក់បានរងរបួស នៅពេលដែលមានការបាញ់ប្រហារ អំឡុងពេលមានចលាចលដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច។ បើតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមមន្ត្រីបាននិយាយថា យោធារបស់ប្រទេសស្រីលង្កា បានបើកការបាញ់ប្រហារ ដើម្បីទប់ស្កាត់កុបកម្ម នៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ខណៈដែលការតម្រង់ជួរដែលមិនធ្លាប់មានពីមុនមក សម្រាប់ប្រេងឥន្ធនៈ និងម៉ាស៊ូត ត្រូវបានគេឃើញ នៅទូទាំងប្រទេសដែលក្ស័យធន ។
ប៉ូលិសបាននិយាយថា កងទ័ពបានបាញ់គ្រាប់ពិត នៅតំបន់ Visuvamadu ចម្ងាយ៣៦៥គីឡូម៉ែត្រ (២២៧ ម៉ាយ) ភាគខាងជើងនៃទីក្រុង Colombo កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពី ប្រេងអស់ ហើយការតវ៉ារបស់អ្នកបើកបរម៉ូតូ ដែលមានកំហឹងកើនឡើង និងនាំឱ្យមានការប៉ះទង្គិចជាមួយទាហាន។
អ្នកនាំពាក្យកងទ័ព លោក Nilantha Premaratne បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យថា «មនុស្សមួយក្រុមពី២០ ទៅ៣០ នាក់ បានគប់ដុំថ្ម និងធ្វើឱ្យខូចខាតដល់រថយន្តរបស់កងទ័ព»។
ក្នុងនោះ ប៉ូលិសបាននិយាយថា ជនស៊ីវិល៤នាក់ និងទាហាន៣នាក់បានរងរបួស នៅពេលដែលកងទ័ពបានបើកការបាញ់ប្រហារ ដែលនេះជាលើកទីមួយហើយដែលយោធាបានប្រើកាំភ្លើងបាញ់ ដើម្បីបំបាត់ភាពចលាចលដែលទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់។
គួរបញ្ជាក់ថា ប្រទេសស្រីលង្កា កំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់តាំងពីទទួលបានឯករាជ្យ ដោយប្រទេសនេះ មិនអាចស្វែងរកប្រាក់ដុល្លារដើម្បីនាំចូលសម្ភារៈសំខាន់ៗ រួមទាំងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។
ប្រជាជន២២លាននាក់របស់ប្រទេសនេះ ត្រូវតម្រង់ជួរនៅស្ថានីយ៍ប្រេងឥន្ធនៈអស់ជាច្រើនម៉ោង និងបានស៊ូទ្រាំនឹងការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនខែ ដែលទាំងអស់នេះបានរួមចំណែកដល់ការតវ៉ាជាច្រើនខែ ដោយពេលខ្លះមានអំពើហិង្សា ដោយក្រុមបាតុករ បានអំពាវនាវឱ្យប្រធានាធិបតី លោក Gotabaya Rajapaksa ចុះចេញពីដំណែង៕
ប្រភព៖ Al Jazeera