ប្រទេសចិន ធ្វើតេស្តប្រព័ន្ធស្ទាក់ចាប់មីស៊ីលនៅលើដីបានដោយជោគជ័យ ប៉ុន្តែមិនមានគោលដៅលើប្រទេសណាមួយឡើយ
អន្តរជាតិ
303

ប៉េកាំង៖ សារព័ត៌មាន Reuters ចេញផ្សាយនៅ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះថា ប្រទេសចិន បានធ្វើតេស្តស្ទាក់ចាប់មីស៊ីលនៅលើដី ដែល«សម្រេចបាននូវគោលបំណងដែលរំពឹងទុករបស់ខ្លួន»ដោយពណ៌នាថា វាជាការការពារ និងមិនមានគោលដៅលើប្រទេសណាមួយឡើយ។

ប្រទេសចិន បាននិងកំពុងបង្កើនការស្រាវជ្រាវទៅលើមីស៊ីលគ្រប់ប្រភេទ ចាប់ពីប្រភេទដែលអាចបំផ្លាញផ្កាយរណបក្នុងលំហ រហូតដល់ មីស៊ីលផ្លោងកម្រិតនុយក្លេអ៊ែរកម្រិតខ្ពស់ ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មប្រកបដោយមហិច្ឆិតា ដែលគ្រប់គ្រងដោយប្រធានាធិបតី លោក ស៊ី ជីនពីង ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង ក៏ធ្លាប់បានធ្វើការសាកល្បងស្ទាក់ចាប់មីស៊ីលពីមុនផងដែរ ហើយការប្រកាសជាសាធារណៈចុងក្រោយបំផុតនៃការសាកល្បងគឺនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ និង នៅក្នុងឆ្នាំ ២០១៨ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ប្រទេសចិនបានធ្វើការសាកល្បងប្រព័ន្ធប្រឆាំងមីស៊ីល ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ ២០១០។

បន្ថែមពីនេះ ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពី ថ្ងៃអាទិត្យថា ការធ្វើតេស្ត «បច្ចេកវិទ្យាស្ទាក់ចាប់មីស៊ីលប្រឆាំងមីស៊ីលនៅលើដី»ត្រូវបានធ្វើឡើងនៅយប់នោះ។ ក្រសួងបានបន្ត ថា «ការធ្វើតេស្តបានឈានដល់គោលដៅរំពឹងទុក»។ «ការ សាកល្បង នេះ គឺ ជា ការ ការពារ និង មិន មាន គោល ដៅ ប្រទេស ណា មួយ នោះ ទេ»។

លើសពីនេះ ប្រទេសចិន រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនគឺរុស្ស៊ី បានសម្តែងការប្រឆាំងម្តងហើយម្តងទៀត ចំពោះការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលរយៈកំពស់ខ្ពស់ Terminal High Altitude Area Defence (THAAD) នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ជាងនេះទៅទៀត ប្រទេសចិន បានអះអាងថា រ៉ាដាដ៏មានឥទ្ធិពលរបស់ឧបករណ៍នេះអាចជ្រាបចូលទៅក្នុងទឹកដីរបស់ខ្លួន។ ចិន និង រុស្ស៊ី ក៏បានក្លែង ធ្វើ សមយុទ្ធ ប្រឆាំង មី ស៊ី ល នេះ ផងដែរ ។ ក្នុងឆ្នាំ ២០១៦ ក្រសួងការពារជាតិ បានបញ្ជាក់ថា ខ្លួនកំពុងបន្តធ្វើតេស្តប្រព័ន្ធប្រឆាំងមីស៊ីល បន្ទាប់ពីរូបភាពបានលេចចេញនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ។

ទីក្រុងប៉េកាំង និយាយថា បច្ចេកវិទ្យាបែបនេះគឺចាំបាច់សម្រាប់ការពារជាតិ និងសន្តិសុខ៕

ប្រភព៖  Reuters

Telegram