ប៉ូឡូញ៖ សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសប៉ូឡូញ បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា វិបត្តិសន្តិសុខបច្ចុប្បន្ននៅទ្វីបនេះ បង្ហាញថា អឺរ៉ុបមិនអាចការពារខ្លួនដោយគ្មានសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែថាសមាជិកណាតូនៅក្នុងតំបន់ គួរតែទទួលខុសត្រូវបន្ថែមទៀតសម្រាប់ការការពាររបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេស លោក Zbigniew Rau បានប្រាប់ក្រុមឯកអគ្គរដ្ឋទូតប៉ូឡូញ នៅក្នុងសេចក្តីអត្ថាធិប្បាយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ PAP ថា «ប៉ូឡូញយល់ថា ការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសន្តិសុខអឺរ៉ុប ជាលក្ខខណ្ឌមូលដ្ឋាននៃសន្តិភាពនៅអឺរ៉ុប»។
លោកបានចាត់ទុកការដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងអង្គការណាតូថា ជាគន្លឹះនៃការសម្រេចចិត្តមួយសម្រាប់ «ការសម្របខ្លួនយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ចំពោះការគំរាមកំហែងរបស់រុស្ស៊ីក្នុងឆ្នាំ ២០១៦»។
គួរបញ្ជាក់ថា អង្គការណាតូ បានបង្កើនវត្តមានរបស់ខ្លួននៅផ្នែកខាងកើតនៅពេលនោះ បន្ទាប់ពីរុស្ស៊ីបានដណ្តើមកាន់កាប់ឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែនក្នុងឆ្នាំ២០១៤ និងការគាំទ្ររបស់ខ្លួនសម្រាប់ពួកបះបោរគាំទ្រទីក្រុងម៉ូស្គូ នៅក្នុងតំបន់ Donbas ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅឆ្នាំ២០២២នេះ សហរដ្ឋអាមេរិក បានដាក់ពង្រាយទាហានបន្ថែមទៀតទៅកាន់ប្រទេសប៉ូឡូញ ហើយកំពុងប្រើប្រាស់ប្រទេសនេះ ធ្វើជាមជ្ឈមណ្ឌលសម្រាប់អាវុធ ដើម្បីជួយដល់អ៊ុយក្រែន។
លោក Rau បាននិយាយថា «វិបត្តិបច្ចុប្បន្នបង្ហាញយ៉ាងច្បាស់ថា បើគ្មានសហរដ្ឋអាមេរិកទេ អឺរ៉ុបមិនអាចការពារខ្លួនបានទេ»។ លោកបានសម្តែងការដឹងគុណ ចំពោះទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែបាននិយាយថា វាមិនគួរមាន«ការទទួលខុសត្រូវទាំងអស់»ដែលក៏«នៅលើស្មា»នៃសម្ព័ន្ធមិត្តអឺរ៉ុបផងដែរ៕