កាប៊ុល៖ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី នៅអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធសប្តាហ៍នេះ បានកើនដល់ ១.០០០ នាក់ ដោយមានអ្នករបួសជាង ៦០០ នាក់ ហើយចំនួនអ្នកស្លាប់រំពឹងថានឹងកើនឡើងបន្តទៀត ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។
រូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្គានីស្ថាន បានបង្ហាញថា ផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញ ទៅជាកម្ទេចថ្ម ហើយសាកសពត្រូវបានគ្របដោយភួយនៅលើដី បន្ទាប់ពីការរញ្ជួយដីកម្រិត៦.១រ៉ិចទ័រ។
បុគ្គលិកសុខាភិបាល និងជំនួយ បាននិយាយថា មានមនុស្សដែលយើងមិនទាន់ដឹង ចំនួនប៉ុន្មាននាក់នៅតែជាប់គាំងនៅក្រោមគំនរបាក់បែក និងនៅតំបន់ដាច់ស្រយាល ខណៈដែល ប្រតិបត្តិការជួយសង្គ្រោះ មានភាពស្មុគស្មាញដោយសារស្ថានភាពលំបាក រួមមានភ្លៀងធ្លាក់ខ្លាំង ការបាក់ដី និងភូមិជាច្រើនកំពុងស្ថិតនៅក្នុងតំបន់ភ្នំដែលមិនអាចចូលទៅដល់បាន។
ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ នឹងបង្ហាញឱ្យឃើញនូវការសាកល្បងដ៏សំខាន់មួយ សម្រាប់អាជ្ញាធរក្រុមតាលីបង់អ៊ីស្លាមនិយម ដែលបានចូលកាន់កាប់ប្រទេសកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីសង្គ្រាមអស់រយៈពេលពីរទសវត្សរ៍ និងត្រូវបានកាត់ផ្តាច់ពីជំនួយអន្តរជាតិជាច្រើន ដោយសារតែការដាក់ទណ្ឌកម្ម។ ស្របពេលដែលក្រសួងការពារជាតិ ដឹកនាំដោយតាលីបង់ កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងការជួយសង្គ្រោះនេះ។
លោកស្រី Loretta Hieber Girardet មកពីការិយាល័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ របស់អង្គការសហប្រជាជាតិ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយសង្គ្រោះ និងជួយសង្គ្រោះមនុស្សដែលជាប់នៅក្រោមគំនរបាក់បែក នឹងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំ ដោយសារតែការបាក់ដី និងអាកាសធាតុ។ ជាមួយគ្នានេះ ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនកំពុងដាក់ពង្រាយក្រុមសុខាភិបាល និងផ្តល់ការផ្គត់ផ្គង់វេជ្ជសាស្រ្ត។
មន្ត្រីក្រសួងមហាផ្ទៃ លោក Salahuddin Ayubi បាននិយាយថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើង «ដោយសារតែភូមិមួយចំនួនស្ថិតនៅតំបន់ដាច់ស្រយាលនៅលើភ្នំ ហើយវានឹងចំណាយពេល ដើម្បីប្រមូលព័ត៌មានលម្អិត»។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីកាលពីថ្ងៃពុធ គឺជាគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីឆ្នាំ ២០០២ ។ គ្រោះរញ្ជួយដីនេះបានវាយប្រហារចម្ងាយប្រហែល ៤៤គីឡូម៉ែត្រ ពីទីក្រុង Khost ភាគអាគ្នេយ៍ ជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាន។
គួរបញ្ជាក់ថា ការបន្ថែមទៅលើបញ្ហាប្រឈមសម្រាប់អាជ្ញាធរអាហ្វហ្គានីស្ថាន គឺទឹកជំនន់នាពេលថ្មីៗនេះ នៅក្នុងតំបន់ជាច្រើន។ ខណៈដែល អាហ្វហ្គានីស្ថាន ក៏កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរផងដែរ។ ជាការឆ្លើយតបទៅនឹងការកាន់កាប់របស់ពួកតាលីបង់កាលពីឆ្នាំមុន ប្រទេសជាច្រើនបានដាក់ទណ្ឌកម្មលើវិស័យធនាគាររបស់ប្រទេសអាហ្វហ្គានីស្ថាន និងកាត់បន្ថយជំនួយអភិវឌ្ឍន៍រាប់ពាន់លានដុល្លារ៕
ប្រភព៖ Reuters