យ៉ាំងហ្គោន៖ មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានបណ្តេញចេញ គឺលោកស្រី អ៊ុងសាន ស៊ូជី នៅតែមានស្មារតីរឹងមាំ បន្ទាប់ពីត្រូវបានផ្ទេរពីការឃុំខ្លួនក្នុងផ្ទះទៅកាន់ពន្ធនាគារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។
ចាប់តាំងពីត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន លោក ស្រី អ៊ុងសាន ស៊ូជី បានស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះនៅទីតាំងមួយកន្លែងក្នុងទីក្រុង ណៃពីដោរ(Naypyidaw) ជាមួយនិង បុគ្គលិកក្នុងស្រុកជាច្រើននាក់ និងឆ្កែរបស់នាង ។
ម្ចាស់ជ័យលាភីណូបែល វ័យ ៧៧ឆ្នាំរូបនេះ បានចាកចេញពីកន្លែងឃុំ ខ្លួន ដើម្បីចូលរួមសវនាការសម្រាប់ការកាត់ក្តីជាច្រើនរបស់លោកស្រី នៅក្នុងតុលាការរបបយោធា ដែលអាចធ្វើឲ្យ ទោសរបស់លោកស្រី ជាប់គុកលើសពី១៥០ឆ្នាំ។
អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃពុធ លោកស្រី ស៊ូជី ត្រូវបានផ្ទេរពីការឃុំខ្លួនក្នុងផ្ទះ ទៅជា«ការឃុំឃាំងតែម្នាក់ឯងនៅក្នុងពន្ធនាគារ»។
លោក បាន បន្ថែម ថា សវនាការ កាត់ ទោស នា ពេលខាងមុខ របស់លោកស្រីស៊ូជី នឹង ធ្វើ ឡើង នៅ ក្នុង បន្ទប់ សវនាការ ក្នុង បរិវេណ ពន្ធនាគារ។
គួរបញ្ជាក់ថា ចាប់តាំងពីការដណ្តើមអំណាចមក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឃុំខ្លួនក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ ដោយមនុស្សជាច្រើនប្រឈមមុខនឹងការកាត់ក្តីសម្ងាត់ដែលក្រុមសិទ្ធិមនុស្សបានចាត់ទុកថាជាហេតុផលនយោបាយ។
លើសពីនេះ មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបាន ហាមប្រាមមិនអោយនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ហើយអ្នកកាសែតត្រូវបានរារាំងពីការកាត់ក្តីរបស់លោកស្រីផងដែរ៕
ប្រភព៖ CNA