ស៊ីដនី៖ បទបញ្ជាជម្លៀសថ្មី ត្រូវបានចេញសម្រាប់អ្នកស្រុកស៊ីដនី រាប់ពាន់នាក់ នៅ ថ្ងៃចន្ទ ទី៤ ខែកក្កដានេះ បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈរ បានជន់លិចតំបន់ជាយក្រុងជាច្រើនក្នុងទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលី ដោយក្រុមមន្ត្រីបានព្រមានអំពីអាកាសធាតុ បន្ថែមទៀតក្នុងរយៈពេល១២ម៉ោងបន្ទាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។
ប្រព័ន្ធសម្ពាធទាបដ៏ខ្លាំងមួយនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសអូស្ត្រាលី ត្រូវបានគេព្យាករណ៍ថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតរហូតដល់ថ្ងៃច័ន្ទ នៅទូទាំងតំបន់ភាគខាងត្បូងនៃរដ្ឋ New South Wales ទោះបីជាកន្លែងជាច្រើនក្នុងរដ្ឋ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ប្រហែលមួយខែនៅ ចុងសប្តាហ៍ ក៏ដោយ។
ការិយាល័យឧតុនិយម បាននិយាយថា ភ្លៀងប្រហែល១០០មីលីម៉ែត្រអាចធ្លាក់ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ លើតំបន់ជាច្រើនក្នុងរដ្ឋ New South Wales ចាប់ពីទីក្រុង Newcastle ទៅភាគខាងត្បូងទីក្រុងស៊ីដនី ដែលមានចម្ងាយជាង៣០០គីឡូម៉ែត្រ។
អាកាសធាតុដ៏អាក្រក់នេះ អាចបង្កឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី ដោយភ្លៀងធ្លាក់ខ្លាំងជន់លិចទំនប់ទឹកទន្លេ បន្ទាប់ពីព្យុះ La Nina ដែល ធ្វើឲ្យទឹកភ្លៀងកើនឡើង ដែលបានគ្របដណ្តប់លើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសអូស្ត្រាលី ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
គួរបញ្ជាក់ថា បទបញ្ជាជម្លៀសនេះ ត្រូវបានដាក់ក្នុងទីក្រុងស៊ីដនី ខណៈដែលអាជ្ញាធរ បានជំរុញឱ្យប្រជាជនចាកចេញពីផ្ទះរបស់ពួកគេ មុនពេលជាប់គាំងដោយគ្មានថាមពល។ ខណៈដែលមនុស្សរាប់ម៉ឺននាក់ប្រឈមមុខនឹងការជម្លៀស នៅទីក្រុង North Richmond និង Windsor នៅភាគខាងលិចទីក្រុងស៊ីដនី បន្ទាប់ពីទឹកជំនន់បានលិចផ្ទះនៅទីនោះជាលើកទីបីក្នុងឆ្នាំនេះ។
លើសពីនេះ រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ លោក Murray Watt បានផ្តល់កម្លាំងទាហានបន្ថែមទៀត ហើយបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលបានធ្វើឱ្យប្រព័ន្ធគ្រប់គ្រងគ្រោះអាសន្នតាមផ្កាយរណប ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទឹកជំនន់៕
ប្រភព៖ Al Jazeera