ប្រធានាធិបតីចិនលោក ស៊ី ជីនពីង «សោកស្តាយយ៉ាងខ្លាំង»ចំពោះការស្លាប់របស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន
អន្តរជាតិ
158

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសម្តែងការរំលែកទុក្ខ ចំពោះការស្លាប់របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលលោក ស៊ី បាននិយាយថា បានខិតខំធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសជិតខាង។ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍​ ទី៩ ខែកក្កដា ឆ្នាំ២០២២។

មេដឹកនាំ​ដែលកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុនរូបនេះ ត្រូវបាន​គេបាញ់ប្រហារកាលពីថ្ងៃសុក្រ នៅទីក្រុងណារ៉ា របស់ប្រទេសជប៉ុន ខណៈពេលដែលកំពុងធ្វើ​សុន្ទរកថាយុទ្ធនាការ​សម្រាប់ការបោះឆ្នោតសភា។ ជនសង្ស័យ​ជនជាតិ​ជប៉ុន ​អាយុ​៤១​ឆ្នាំ ​ត្រូវ​បាន​ចាប់ខ្លួនផងដែរ​។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីលោក ស៊ី ដែលបាននិយាយក្នុងនាមរដ្ឋាភិបាល និងប្រជាជនចិន នៅក្នុងសារមួយទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ថា«​ខ្ញុំសោកស្តាយយ៉ាងខ្លាំង ចំពោះការស្លាប់ភ្លាមៗរបស់លោក អាបេ ស៊ិនហ្សូ»។ «ខ្ញុំ​ធ្លាប់​បាន​ឈាន​ដល់​ការ​ឯកភាព​សំខាន់​ជាមួយ​គាត់​លើ​ការ​កសាង​ទំនាក់​ទំនង​ចិន-ជប៉ុន»។ ទូរទស្សន៍រដ្ឋបានរាយការណ៍ទៀតថា លោក ស៊ី ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក Abe ផងដែរ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងជប៉ុននិងចិន បានញាំញីអស់ជាច្រើនឆ្នាំ ដោយជម្លោះទឹកដីជុំវិញក្រុមប្រជុំកោះ នៅសមុទ្រចិនខាងកើត ក៏ដូចជា​ការឈ្លានពានខាងយោធាកន្លងមករបស់ជប៉ុន។ ប៉ុន្តែ​ទំនាក់ទំនង​បាន​ឡើង​កម្តៅ ​ខណៈ​ដែល​លោក​ អាបេ ​ជា​នាយករដ្ឋមន្ត្រី ជាពិសេស​ក្នុង​អាណត្តិ​ទីពីរ​របស់​លោក​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០២០។

លោក Abe បានធ្វើទស្សនកិច្ចផ្លូវរដ្ឋដ៏កម្រមួយទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០១៨ ហើយជាថ្នូរនឹងលោក ស៊ី ត្រូវបានគេរំពឹងថា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងឆ្នាំ ២០២០ ដែលនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីចិន ទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ ២០០៨​។ប៉ុន្តែ​ផែនការ​នេះ​ត្រូវ​បាន​ផ្អាក​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។

ទំនាក់ទំនងទ្វេភាគីកាន់តែមានភាពស្មុគ្រស្មាញក្នុងប៉ុន្មានខែថ្មីៗនេះ ដោយរដ្ឋាភិបាលរបស់លោក Kishida បានអំពាវនាវឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ និងបង្ហាញពីការព្រួយបារម្ភ ចំពោះការគំរាមកំហែងដែលប្រឈមមុខដោយតៃវ៉ាន់។ លោក Kishida ក៏បាននិយាយផងដែរថា លោកមានការខកចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍតំបន់នៅក្នុងសមុទ្រចិនខាងកើត ដោយនិយាយថាវា «មិនអាចទទួលយកបាន»។

ជម្លោះជុំវិញប្រជុំកោះសមុទ្រចិនខាងកើត ដែលជប៉ុនគ្រប់គ្រង ប៉ុន្តែចិនក៏ទាមទារដែរ ហើយដែនទឹកជុំវិញនោះ គឺជាប្រភពនៃភាពតានតឹងដ៏យូរលង់រវាងប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរ និងទីបីរបស់ពិភពលោក។

នៅក្នុងសាររបស់លោកទៅកាន់ នាយករដ្ឋមន្រ្តី Kishida លោក ស៊ី បាននិយាយថា លោកមានឆន្ទៈក្នុងការធ្វើការជាមួយលោកគីស៊ីដា លើការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងអ្នកជិតខាង៕

ប្រភព៖ CNA

Telegram