កូឡុំបូ៖ ការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយថា ប្រទេសស្រីលង្កា ដែលរងគ្រោះដោយវិបត្តិ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នទូទាំងប្រទេស នៅថ្ងៃពុធ (១៣ កក្កដា) ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
លោក Dinouk Colombage អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី Ranil Wickremesinghe បានប្រាប់ AFP ថា «ចាប់តាំងពីប្រធានាធិបតីចេញពីប្រទេស ភាពអាសន្នមួយត្រូវបានប្រកាសដើម្បីដោះស្រាយស្ថានការណ៍នៅក្នុងប្រទេស» ។
ប៉ូលីសបាននិយាយថា ពួកគេក៏កំពុងដាក់បម្រាមគោចរមិនកំណត់នៅទូទាំងខេត្តភាគខាងលិច ដែលរួមមានរដ្ឋធានីកូឡុំបូ ដើម្បីទប់ស្កាត់ការតវ៉ាដែលកើនឡើង បន្ទាប់ពី Rajapaksa បានហោះហើរទៅកាន់ប្រទេសម៉ាល់ឌីវ តាមយន្តហោះយោធា។
គួរបញ្ជាក់ថា បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅការិយាល័យនាយករដ្ឋមន្ត្រី ដោយជំរុញឱ្យប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរារាំងពួកគេពីការវាយលុកបរិវេណនោះ។ មន្ត្រីប៉ូលិសជាន់ខ្ពស់បានប្រាប់ AFP ថា «មានការតវ៉ាជាបន្តបន្ទាប់នៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រី នៅទីក្រុងកូឡុំបូ ហើយយើងត្រូវការបម្រាមគោចរដើម្បីទប់ស្កាត់ស្ថានការណ៍»។
លោកថា ពួកគេស្ថិតក្រោមការបញ្ជាឲ្យបង្ក្រាបលើបាតុករដែលរំខានដល់ដំណើរការរបស់រដ្ឋ។
លើសពីនេះ កាលពីចុងសប្តាហ៍នេះកន្លងទៅ លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា បានយល់ព្រមថា នឹងលាលែងពីប្រធានាធិបតី នៅថ្ងៃពុធនេះ ហើយលោក រ៉ានីល វីគ្រីមេស៉ីងហ្កេ ក៏បានបង្ហាញឆន្ទៈលាលែងផងដែរ បន្ទាប់ពីក្រុមបាតុករបានចូលកាន់កាប់ វិមានលោកប្រធានាធិបតី ព្រមទាំងដុតបំផ្លាញគេហដ្ឋានលោកនាយករដ្ឋមន្រ្តី។
ប៉ុន្តែកាលពីព្រឹកថ្ងៃពុធនេះ លោក រ៉ាចាប៉ាក់សា បានរត់ភៀសខ្លួនចេញពីក្រៅប្រទេស ដោយមិនបានលាលែងពីតំណែងឡើយ ហើយបើតាមប្រភពពីមន្រ្តីរដ្ឋាភិបាលស្រីលង្កា គឺលោកបានឆ្ពោះទៅកាន់ប្រទេសដីកោះ ម៉ាល់ឌីវ។ ប្រទេសស្រីលង្កាបានប្រឈមការធ្វើបាតុកម្ម អស់រយៈពេលច្រើនខែមកហើយ ដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត៕
ប្រភព៖ CNA