​អាមេរិកថា សកម្មភាពរបស់ចិនជុំវិញកោះតៃវ៉ាន់ បង្កើនហានិភ័យនិងបង្ករឿងយ៉ាងខ្លាំង
អន្តរជាតិ
231

តៃប៉ិ៖ រដ្ឋលេខាធិការកងទ័ពអាកាសអាមេរិក លោក Frank Kendall បាននិយាយនៅថ្ងៃសុក្រថា សកម្មភាពរបស់ចិនជុំវិញកោះតៃវ៉ាន់ បង្កើនកម្រិតនៃហានិភ័យ ហើយលោកសង្ឃឹមថា អាកប្បកិរិយារបស់ចិន ត្រឡប់ទៅរកបទដ្ឋានដូចពីមុនមកវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។

ប្រទេសចិន ​អះអាងថា តៃវ៉ាន់ដែលគ្រប់គ្រង​តាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួននោះ បាននិងកំពុងធ្វើសមយុទ្ធយោធានៅខែនេះ ដើម្បីបង្ហាញពីកំហឹងរបស់ខ្លួន ចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ របស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ដោយបានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោន ចំពោះភាពតានតឹងនេះ។

លោក Kendall បាននិយាយទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទទូរគមនាគមន៍មួយពីទឹកដី ហ្គាំ របស់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការធ្វើដំណើរទៅកាន់តំបន់ដែលនឹងធ្វើឡើងនៅក្នុងប្រទេសអូស្ត្រាលី និងជប៉ុនផងដែរនោះ បាននិយាយថា «យើងកំពុងរស់នៅក្នុងពេលវេលាដ៏គ្រោះថ្នាក់មួយ»។ ដោយសំដៅលើសមយុទ្ធរបស់ចិនជុំវិញកោះតៃវ៉ាន់ ដែលរួមមានការបាញ់មីស៊ីលពីលើកោះ និងម្តងហើយម្តងទៀតឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាបន្ទាត់ក្រៅផ្លូវការ ,លោកបាននិយាយថា ទីក្រុងប៉េកាំងកំពុងបង្ករឿងយ៉ាងខ្លាំង។

លោកបានសង្កត់ធ្ងន់ថា«សកម្មភាពយោធាដែលចិនបានចូលរួមក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ប្រធានសភា បានបង្កើនកម្រិតនៃហានិភ័យ ហើយពួកគេបានបំពានលើបទដ្ឋានមួយចំនួន, ការឆ្លងកាត់ខ្សែបន្ទាត់គឺជារឿងមួយ និង​​ការបាញ់មីស៊ីលចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនគឺជារឿងមួយផ្សេងទៀត ជាពិសេស​ការបាញ់រំលង​លើតៃវ៉ាន់​។ ​ ក្នុងនោះជប៉ុន​ បាន​និយាយ​ថា មីស៊ីលចំនួន​៥​គ្រាប់​ដែល​ចិន​បាញ់​បាន​ធ្លាក់​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​របស់​ខ្លួន។

មិនតែប៉ុណ្ណោះ លេខាធិការកងទ័ពអាកាសអាមេរិក រូបនេះបន្ថែម​ថា «ទាំងនេះមិនមែនជាសកម្មភាពដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នោះទេ វាគឺជាការបង្កហេតុខ្លាំងណាស់ ហើយពួកគេបង្កើនកម្រិតនៃហានិភ័យ»។

ស្របពេលជាមួយគ្នានេះ ចិននិយាយថា តៃវ៉ាន់គឺជាបញ្ហារសើប និងសំខាន់បំផុត ក្នុងទំនាក់ទំនងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ហើយថា ខ្លួនមានសិទ្ធិធានាសន្តិសុខ និងការពារបូរណភាពទឹកដីរបស់ខ្លួន។ ទោះបីជាយ៉ាងណា រដ្ឋាភិបាលរបស់តៃវ៉ាន់និយាយថា សាធារណរដ្ឋប្រជាមានិតចិន មិនដែលគ្រប់គ្រងកោះតៃវ៉ាន់ គឺគ្មានសិទ្ធិទាមទារ ឬសម្រេចអនាគត​​ របស់កោះដែលមានប្រជាជន២៣លាននាក់នបាន​នោះទេ​៕

ប្រភព៖  Reuters

Telegram