សិល្បៈ ៖ ប្រិយមិត្តបានស្គាល់ហើយ តារាកំប្លែង នីឡា គឺជាកូនស្រីរបស់លោក សុវណ្ណ រិទ្ធី ហៅ លោកតា វ៉ិច ទ័រ ដែលមានសមត្ថភាពក្នុងការសម្តែងកំប្លែង តាំងពីតូច រហូតមកដល់បច្ចុប្បន្ន ។
ក្រោយពេញវ័យ ពេញរូប ពេញរាង នីឡា ក៏បានចូលរោងការជាមួយនឹងស្វាមីរបស់ខ្លួន ដែលមានវ័យស្របាក់ ស្របាលគ្នា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ដែលមានការចូលរួមពីសំណាក់ សិល្បករ សិល្បការិនី ជាច្រើននាក់ចូលរួម ដើម្បីអបអរសាទរដល់អ្នកទាំង២ ហើយបន្ទាប់ពីចូលរោងការ បានមួយខែហើយនោះ សាមីខ្លួន នីឡា ក៏បានប្រកាសជាសាធារណៈថា នាងមានផ្ទៃពោះ ៤ខែមកហើយ ហើយពិធីមង្គលការ ការពិតទៅគឺត្រូវរៀបចំរួចយូរហើយ តែដោយសារកូវីដរីករាលដាល ទើបចេះតែពន្យា ហើយទើបរៀបការពេលនោះ ។
ដោយឡែកថ្មីៗនេះ នីឡា ក៏បានសម្រាលកូនក្នុងផ្ទៃដំបូងរបស់ខ្លួន ដែលជាកូនស្រី មានមុខមាត់ គួរឲ្យគ្រឺត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ដោយគិតរហូតមកទល់ពេលនេះ នាង សម្រាលកូនបាន១សប្តាហ៍ហើយ ស្រាប់តែនៅសុខៗ នីឡា បានទម្លាយអារម្មណ៍របស់ខ្លួន ក្នុង អ៊ីនស្តាក្រាម ផ្ទាល់ខ្លួនរបស់នាង បង្ហាញពីការបាក់ទឹកចិត្តខ្លាំងទៅវិញ ។
ក្នុងនោះ នីឡា បានសរសេរថា « អាការៈក្រោយសម្រាលមានអារម្មណ៍ដូច បាក់ទឹកចិត្ត!! ហេតុអីកំពុងតែអត់យល់អារម្មណ៍ខ្លួនឯងពេលនេះ ម៉ាក់ ប៉ា ក៏នៅជិត ប្តីក៏នៅក្បែរ បងប្អូនក៏មកលើកទឹកចិត្ត.... តែហេតុអីនៅតែមានអារម្មណ៍នឹងកើតឡើង?? » ។
ទាំងនេះជាការលើកឡើងរបស់ នីឡា ៕