Miss Grand អ៊ុយក្រែន ស្រក់ទឹកភ្នែកឈឺចាប់ខ្លាំង ក្រោយស្ថាប័ន MGI រៀបចំឲ្យបវរកញ្ញារុស្ស៊ី និងអ៊ុយក្រែន ដេកនៅបន្ទប់ជាមួយគ្នា!
សិល្បៈកម្សាន្ត
121

ការប្រកួតដណ្តើមមកុដ Miss Grand International 2022 នឹងឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត នៅថ្ងៃទី២៥ តុលា ឆ្នាំ២០២២ ខាងមុខនេះ ខណៈបណ្តា Miss Grand មកពីប្រទេសនានាជាច្រើន បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ត្រៀមលក្ខណៈប្រកួត និងតម្រូវឲ្យមានការចាប់គូបវរកញ្ញា ២រូប មកពីប្រទេសផ្សេងៗគ្នា ឲ្យស្នាក់នៅបន្ទប់ជាមួយគ្នា ។

អ្វីដែលមហាជនកំពុងផ្ទុះការចាប់អារម្មណ៍នោះ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បាននិងតែកំពុងផ្ទុះឡើងអស់រយៈពេល ជិត៨មកហើយនោះ នៅមិនទាន់បញ្ចប់នៅឡើយ ស្រាប់តែ ស្ថាប័ន Miss Grand បានរៀបចំឲ្យ បវរកញ្ញារបស់ប្រទេសទាំង២ ត្រូវសម្រាកស្នាក់នៅបន្ទប់ជាមួយគ្នាទៅវិញ ដែលធ្វើឲ្យបវរកញ្ញា អ៊ុយក្រែន ស្រក់ទឹកភ្នែកឈឺចាប់ ស្ទើរតែមិនអាចទទួលយកបាន និងបានបង្ហោះពាក្យទាំងនេះ នៅលើ អ៊ីនស្តាក្រាមរបស់ខ្លួន ។

ក្នុងនោះ Miss Grand អ៊ុយក្រែន បានសរសេរដោយមានខ្លឹមសារថា «ខ្ញុំគឺជាមនុស្សដែលធំដឹងក្ដីមកជាមួយគំនិត និងទស្សនៈផ្ទាល់ខ្លួន។ នេះមិនមែនជាអ្វីដែលចារ ឬក៏ដកស្រង់ចេញពីទំព័រសៀវភៅ ហើយប្រឌិតវាឡើងនោះទេ។ នេះគឺជាខ្ញុំ! នេះគឺជាអារម្មណ៍ពិត, អតីតកាល, ចំណេះដឹង, សមត្ថភាព, ហើយក៏ជាសាច់រឿងរបស់ខ្ញុំ។ ហើយគ្មាននរណាម្នាក់ក្នុងលោកនេះមានសិទ្ធយកវាចេញពីខ្ញុំ ឬមានមន្ទិលពីវានោះឡើយ។ គំនិតរបស់ខ្ញុំគឺវាសំខាន់ណាស់! ហើយសាច់រឿង និងអារម្មណ៍របស់ខ្ញុំក៏វាសំខាន់ដូចគ្នា! ថ្ងៃនេះ សាច់រឿងរបស់ខ្ញុំគឺ៖ អំឡុងពេលខ្ញុំកំពុងធ្វើដំណើរដ៏វែងឆ្ងាយទៅចូលរួមប្រកួតកម្មវិធី Miss Grand International ដែលជាគោលដៅ, គោលបំណង និងបេសកកម្មសំខាន់បំផុតសម្រាប់ខ្ញុំ គឺដើម្បីប្រាប់ពិភពលោកពីប្រទេសរបស់ខ្ញុំ ហើយក៏ដើម្បីបង្ហាញពីស្មារតីរបស់ប្រជាជនអ៊ុយក្រែន ពីភាពស្រស់ស្អាត ការតស៊ូ និងអ្វីដែលយើងកំពុងតែហែលឆ្លងនាពេលបច្ចុប្បន្ន។ ខ្ញុំទទួលបានសំបុត្រមួយដែលធ្វើឱ្យអារម្មណ៍ខ្ញុំពុះកញ្ជ្រោល ហើយមានភាពឈឺចាប់ជាខ្លាំង នោះគឺការរៀបចំឱ្យខ្ញុំស្នាក់នៅបន្ទប់ជាមួយដៃគូប្រកួតដែលមកពីប្រទេសភេវករ ប្រទេសដែលបាត់អស់ច្បាប់ទម្លាប់ និងសណ្ដាប់ធ្នាប់ ប្រទេសដែលគួរឱ្យស្អប់ខ្ពើម និងបន្សល់តែស្លាកស្នាមនៅលើដងខ្លួនដ៏ស្រស់ស្អាតរបស់ភពផែនដី នោះគឺរុស្ស៊ី ជូនចំពោះលោក Nawat សុំលោកជឿខ្ញុំ ខ្ញុំផ្ទាល់ក៏ស្វែងរកសន្តិភាព ក្តីស្រឡាញ់ មិត្តភាព និងការគាំទ្រ ប៉ុន្តែមិនមែនពីអ្នកដែលមិនអាចលើកលែងទោសឱ្យបាន មិនមែនពីអ្នកដែលធ្វើទារុណកម្មបងប្អូនខ្ញុំ មិនមែនពីឃាតកដែលឆក់យកជីវិតប្រជាជនអ៊ុយក្រែនជាច្រើននាក់។ ខ្ញុំគឺសំខាន់ គំនិតខ្ញុំក៏សំខាន់ អារម្មណ៍ខ្ញុំ និងប្រទេសអ៊ុយក្រែនខ្ញុំសុទ្ធសឹងតែសំខាន់! សូមឱ្យអ៊ុយក្រែនមានសិរីសួស្ដី! ខ្ញុំសូមឱ្យអ្នករាល់គ្នាចែករំលែករឿងនេះ និងសូមផ្ញើសារទៅលោក Nawat ដែលជាអ្នករៀបចំការប្រកួតជាមួយ Hastag ថា #cancelrussianculture, #russiaterroriststate» ៕


Telegram