ប្រិយមិត្តពិតជាបានជ្រាបហើយ ពីបញ្ហាបែកធ្លាយសាច់ភ្លេង របស់ តារារ៉េប Vannda ទៅដល់ដៃអ្នកទី៣ ដែលជាអ្នកនៅក្បែរខ្លួន ដែលលោក សង្ហារ អាណិតខំឲ្យរៀន ឲ្យសូត្រគ្រប់បែបយ៉ាង ចុងក្រោយក៏ចាក់ពីក្រោយ ធ្វើឲ្យ Vannda និង សង្ហា ឈឺចិត្តមិនស្ទើរ ។
ចុងក្រោយអ្នកទាំង២ ក៏បានបែកបាក់គ្នា ដោយសង្ហារត្រូវផ្លាស់ទៅធ្វើការនៅក្រុមហ៊ុនមួយផ្សេងទៀត ហើយត្រូវបាត់បង់មិត្តភក្តិដែលខ្លួនស្រឡាញ់ ប្រៀបដូចជាបងប្អូនបង្កើត។
ក្នុងនោះ គេឃើញនៅលើបណ្តាញសង្គម ផ្លូវការរបស់ លោក សង្ហា បានសរសេរផុសកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានសរសេរទាំងស្រុងថា « ខ្ញុំសូមបព្ចាក់អ្នកទាំងអស់គ្នា និងបងប្អូនសិល្បៈករទាំងអស់គ្នាផង។ ខ្ញុំបាទ ណុំ ចាន់រតនៈ ហៅសង្ហា បានសម្រេចចិត្តរួមដំណើរ ជាមួយក្រុមហ៊ុនGalaxy Navatra តែមួយគត់ ចាប់ពីពេលនេះតទៅ
ដោយសម្រេច លាឈប់ពីផលិតកម្ម Baramey និងសម្លាញ់វណ្ណដា មកបំពេញតួនាទីជាអ្នកនិពន្ធបទភ្លេងរបស់ផលិតកម្ម Galaxy Navatra ផ្ដាច់មុខ។ ហើយកុងត្រាជាអ្នកចម្រៀងរបស់ខ្ញុំនៅ ផលិតកម្មបារមីនឹងត្រូវបានចប់នៅក្នុងឆ្នាំនេះហើយ ។ សារដែលខ្ញុំបានសរសេរម្សិលមិញ គោលបំណងតែមួយគត់ គឺខ្ញុំចង់បង្ហាញនូវទំនួលខុសត្រូវរបស់ខ្ញុំរវាងក្រុមហ៊ុនចាស់ដែលខ្ញុំបានបង្កឲ្យមានកំហុសដោយអចេតនា ហើយខ្ញុំពេញចិត្តចូលរួមសហការតាមវិធានការរបស់ក្រុមហ៊ុនបារមីចាត់ចែង » ។
ក្រោយ សង្ហា ផុសទើបតែបានប៉ុន្មាននាទីសោះ គេក៏ឃើញ តារារ៉េប Vannda បានផុសបន្ត ថា « Dear Songha - សង្ហា សមាជិកគ្រួសារ និង មិត្តសម្លាញ់ ពួកយើងដើរបានឆ្ងាយណាស់ ឆ្ងាយរហូតយើងតែងតែសួរគ្នាថា «យើងអាចមានថ្ងៃនេះដែរ?» ពួកយើងបានចាប់ផ្តើមពីចំណុចសូន្យជាមួយគ្នា បាយមួយប្រអប់ហូបពីរនាក់ ខោអាវពាក់ដែលគ្នា សើចជាមួយគ្នា យំជាមួយគ្នា ឈឺចាប់រួមគ្នា ហ៊ានស្លាប់មិនហ៊ានក្បត់ ជាមនុស្សម្នាក់ដែលខ្ញុំអោយតម្លៃនិងស្រឡាញ់បំផុតក្នុង Industry
ថ្ងៃនេះជាថ្ងៃដែលយើងត្រូវឈឺម្តងទៀត ទាំងដែលបេះដូងយើងទាំង២នាក់មិនទាន់នឹងព្យាបាល ប៉ុន្តែដើម្បីតម្លាភាព និងទំនួលខុសត្រូវ គឺតម្រូវអោយយើងត្រូវធ្វើការសម្រេចចិត្តក្នុងនាមជាសិល្បៈករ ពួកយើងហត់ច្រើនហើយសម្លាញ់ ហើយការពិតដែលមិនអាចច្រានចោល គឺយើងបានបង្កើតប្រវត្តសាស្រ្តតន្រ្តីរួមគ្នាជាច្រើននៅក្នុងទសវត្សមួយនេះ ក្នុងការលើកមុខមាត់ជាតិអោយឈរលើតារាងអន្តរជាតិ។ អ្នកពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ។
ជូនពរសម្លាញ់សម្រេចគ្រប់ភារកិច្ចនាពេលខាងមុខ មិត្តភាពរវាងយើងគ្មានអ្វីអាចបំបែកបានឡើយ
សង្ហាsuperstar, Love you My twin » ។
សារទាំងនេះបានបង្ហាញថា អ្នកទាំង២ស្រឡាញ់គ្នាខ្លាំងណាស់ ទោះត្រូវធ្វើការនៅទ្រនំផ្សេងគ្នា តែពួកគេនៅតែល្អនឹងគ្នាដដែល ប្រៀបដូចបងប្អូនភ្លោះ ៕