យោងតាមផេកផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា អង្គការហ្វារពន្លឺសិល្បៈ បានបំបែកឯកទគ្គកម្មពិភពលោក Guinness World Records តាមរយៈការសម្តែងសៀកដែលមានរយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយមិនមានការឈប់សម្រាក ដែលជាការសម្តែងសៀកដ៏យូរជាងគេលើពិភពលោក ត្រូវបានសម្តែងកាលពីថ្ងៃទី៧-ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ដោយមានសិល្បករចូលរួមសម្តែងប្រហែល ៩០នាក់។
ភាពជោគជ័យជាទីមោទននេះបានទទួលបន្ទាប់ពី Guinness World Records បានបញ្ចប់នូវការវាយតម្លៃយ៉ាងជោគជ័យក្នុងរយៈពេលមួយឆ្នាំទៅលើភស្ថុតាងជាឯកសារដែលមានចំនួន១៣១ទំព័រ និង២៥វីដេអូ។
សូមជម្រាបថា អង្គការហ្វារពន្លឺសិល្បៈ ជាអង្គការមួយស្ថិតនៅ
ខេត្តបាត់ដំបង ដោយបានដំណើរការកម្មវិធីបណ្តុះបណ្តាលសិល្បៈដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជាក្រីក្រតាំងពីឆ្នាំ ១៩៩៤។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិល្បករសៀកត្រូវបានអញ្ជើញឱ្យទៅសម្តែងនៅបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក៕