រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បង្ក្រាបមុខសញ្ញាឆក់យ៉ាងសកម្មបានចំនួន៤នាក់ ដែលធ្វើសកម្មភាព ឆក់កាបូបអ្នកបោសសំរាមតាមផ្លូវ ឆក់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសនៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ បានហើយ ក្នុងភូមិសាស្ត្រសង្កាត់ទួលស្វាយព្រៃទី១ និងបង្ហាញមុខជាសាធារណៈ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលការបង្ក្រាបនេះ ធ្វើឡើងក្រោមបញ្ជាយ៉ាងម៉ឺងម៉ាត់ដោយ ឧត្ដមសេនីយ៍ ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ , លោក ស៊ុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យ លោក វុឌ្ឍ ផូសារវន្ថ័ អធិការនគរបាលខណ្ឌបឹងកេងកង ដឹកនាំកម្លាំង ចុះបង្រ្កាបក្រុមជនសង្ស័យទាំងនេះបានជាក់ស្តែងតែម្តង ក្នុងនោះមានទាំងអ្នកឆក់ និងអ្នកសមគំនិត ។
តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៤និង៣០នាទីល្ងាច កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពីបទ ឆក់កាបូបយួរដៃ និងបទសមគំនិត នៅចំណុចមុខក្លឹបអារីណា ផ្លូវលេខ១៧៣ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់រួមមាន ៖
១-ឈ្មោះ ស៊ូ ថារ៉ូ ហៅអាបាស់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន) ។
២-ឈ្មោះ មុន្នី ទិត្យា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ភូមិ ថ្មគោល សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ មុខរបរ : សិស្សវិ/គោក បញ្ជាន់ ពិតប្រាកដ (មានសារធាតុញៀន) ។
៣-ឈ្មោះ ប៊ុន បញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលបន្ទប់លេខ១ ផ្លូវ លំ សង្កាត់ ចោមចៅទី ២ ខណ្ឌពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ មុខរបរ :មិនពិតប្រាកដ (មានសារធាតុញៀន)។
៤-ឈ្មោះ ថន ណាត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ភូមិ ថ្មគោល សង្កាត់ ចោមចៅ ទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ មុខរបរ :មិនពិតប្រាកដ (មានសារធាតុញៀន)។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូ ០៣គ្រឿង ម៉ាកស៊ុយសូគី និចធូ ពណ៌ស ពាក់ ផ្លាកលេខ ភ្នំពេញ 1GK-5509 , ម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង 1S-9715 និងម៉ាកSmash v ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CC-7892 និងទូរស័ព្ទដៃ០២គ្រឿងម៉ាកNoKia ពណ៌លឿង (ជារបស់ជនសង្ស័យ) ,កាបូបយួរដៃ ពណ៌ស្វាយ ចំនួន០១ ,ទូរស័ព្ទដៃ០១គ្រឿង ម៉ាកIphone 11 pro max ពណ៌ត្រាវ ,វែនតា ចំនួន ០១ , ដបសម្រាប់ដាក់ទឹកចំនួ ០២, និងលុយចំនួន២០$ (ជារបស់ជនរគ្រោះ ឈ្មោះ DESTWEUA OLDS ភេទស្រី អាយុ៣១ ឆ្នាំ ជនជាតិ អាមេរិក គ្រូបង្រៀន ។
មុនកើតហេតុនៅថ្ងៃទី ១២.០២.២០២៣ វេលាម៉ោង ប្រហែល១២និង១៥នាទី ជនរងគ្រោះ ជិះម៉ូតូកង់បីចេញពីផ្ទះ ម្ដុំសង្កាត់បឹងទំពុន ខណ្ឌមានជ័យ គោល បំណងទៅម្ដុំវិមានឯករាជ្យ នៅពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ មួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ៣គ្រឿង បាន ធ្វើសកម្មភាព ឆក់កាបូបយួរដៃរបស់ជនរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួន ហើយជនសង្ស័យឈ្មោះ ស៊ូ ថារ៉ូ ហៅអាបាស់ ក៏បានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយសូគីនិចធូ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1GK-5509 បុកជាមួយរថយន្ដប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ បណ្ដាលឲ្យដួល ទើបជនរងគ្រោះស្រែកឆោឡោ ស្របពេលសមត្ថកិច្ចល្បាត ធ្វើការឃាត់ខ្លួនជនសង្ស័យរួមវត្ថុតាង នាំយកប៉ុស្ដ៍នគរបាលទួលស្វាយព្រៃ១ ដើម្បីសាកសួរ តែម្ដង។ ចំណែកបក្ខពួកផ្សេងទៀត ជិះម៉ូតូគេចខ្លួន យកសម្ភារ:របស់ជនរងគ្រោះគេចខ្លួនបាត់។
បន្ទាប់មកកម្លាំងជំនាញបានបន្ដស្រាវជ្រាវ រហូតដល់ម៉ោង៤និង៣០នាទីល្ងាច ថ្ងៃខែឆ្នាំដដែលធ្វើការឃាត់ខ្លួនបក្ខពួកជនសង្ស័យចំនួន៣នាក់ ឈ្មោះ មុន្នី ទិត្យា , ប៊ុន បញ្ញា , ថន ណាត រួមនិង២គ្រឿង និងសម្ភារ:របស់ជនរងគ្រោះ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែន ជ័យ នាំយកទីស្នាក់ការប៉ុស្ដិ៍នគរបាលទួលស្វាយព្រៃ១ ធ្វើការសាកសួរតែម្ដង។
ពេលនេះ ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ អែល វិចិត្រ+មេសា





