ក្លិបយក្ស Man Utd ក៏ខ្ចីលុយធនាគារ ដោះស្រាយវិបត្តិកូវីដ-១៩ ដែរ

កីឡា៖ ក្លិបបិសាចក្រហមបានបញ្ជាក់ថាប្រាក់ចំណូលពីការប្រកួតបានធ្លាក់ចុះរហូតដល់ ៩៤,២ភាគរយ ដែលស្មើនឹង ៣,២ លានផោន (៤,៤៤លានដុល្លារ) ក្នុងរយៈពេល៦ខែ ដោយសារជំងឺរាតត្បាត។ នៅថ្ងៃទី៤ ខែមីនា Man Utd បានប្រកាសលទ្ធផលនេះសម្រាប់ឆមាសទី២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូឆ្នាំមុន។ Manchester United បានខ្ចីប្រាក់ពីធនាគារចំនួន ៦០ លានផោន (៨៣លានដុល្លារ) ដើម្បីយកទៅដោះស្រាយវិបត្តិហិរញ្ញវត្ថុដែលបង្កឡើងដោយជំងឺកូវីដ-១៩។

ការកាត់បន្ថយប្រាក់ចំណូលសរុប ២២ លានផោន (៣០,៥០លានដុល្លារ) ត្រូវបានកំណត់ដោយសារតែ Man Utd បានកៅអីលេងក្នុងវគ្គចែកពូលនៃពានរង្វាន់ Champions League ដែលរកចំណូលបានច្រើននៅរដូវកាលនេះបើប្រៀបធៀបទៅនឹង Europa League។

យ៉ាងណាក៏ដោយ ក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យ មានកើនឡើងបំណុលសុទ្ធចំនួន ១៦,៤ ភាគរយ ដែលស្មើនឹង ៦៣១លានដុល្លារ គិតត្រឹមដើមឆ្នាំ២០២១នេះ។ ដោយសារវិបត្តិហិរញ្ញវត្ថុក្លិបដែលកើតឡើយដោយកូវីដ-១៩ Man Utd បានសម្រេចខ្ចីប្រាក់ធនាគារចំនួន ៨៣លានដុល្លារដើម្បីដោះស្រាយបញ្ហា។

បើតាមកាសែត BBC ចុះផ្សាយ បិសាចក្រហម ត្រូវប៉ាន់ស្មានថា បានបាត់បង់ប្រាក់ចំណូលលើសពី១៤០លានដុល្លារថែមទៀត ក្នុងរយៈពេល១២ខែចុងក្រោយ ដូច្នេះដើម្បីការពារប្រាក់បម្រុងធ្លាក់ចុះ ក្លិបត្រូវប្រើប្រាស់ឥណទានរបស់ខ្លួនមួយចំណែកក្នុងចំណោមប្រាក់ដែលអាចខ្ចីបានចំនួន ២៧៧ លានដុល្លារដែលពួកគេបានរៀបចំរួចស្រេចហើយកាលពីឆ្នាំមុន។

ដោយសារតែជំងឺកូវីដ១-៩ វិស័យកីឡាជាច្រើននៅជុំវិញពិភពលោក បានរងប៉ះពាល់យ៉ាងខ្លាំងរហូតខាតបង់ចំណូលរាប់ពាន់លានដុល្លារឯណោះ៕

Telegram