សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ប្រធានាធិបតីបារាំងអញ្ជើញសម្ដេចមកធ្វើទស្សនកិច្ចនៅបារាំង បង្ហាញឱ្យឃើញថា បារាំងបានផ្ដល់តម្លៃចំពោះទំនាក់ទំនងការទូត នយោបាយ និងសេដ្ឋកិច្ចរវាងកម្ពុជានិងបារាំង
ព័ត៌មានជាតិ
384

ថ្លែងពីប្រទេសបារាំងក្នុងពិធីសំណេះសំណាល ជា មួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា ការអញ្ជើញរូបសម្ដេចមកធ្វើទស្សនកិច្ចនៅប្រទេសបារាំងក្នុងលក្ខណៈទ្វេភាគី ពីសំណាក់ប្រធានាធិបតីបារាំង បានបង្ហាញឱ្យឃើញថា បារាំងបានផ្ដល់តម្លៃចំពោះទំនាក់ទំនងការទូត នយោបាយ និងសេដ្ឋកិច្ចរវាងកម្ពុជានិងបារាំង។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ប៉ុន្មានថ្ងៃមកនេះ មានអ្នកសរសេរលិខិតទៅកាន់ប្រធានាធិបតីបារាំងថា ប្រយ័ត្នចាញ់បោក ហ៊ុន ម៉ាណែត ។ ខ្ញុំគិតថា មុននឹងប្រធានាធិតីបារាំងចេញលិខិតអញ្ជើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺបានគិតសព្វជ្រុងជ្រោយហើយ ហើយប្រសិនបើប្រធានាធិបតីបារាំង ដែលជាប្រធានាធិបតីប្រទេសមហាអំណាចមួយឱ្យខ្ញុំបោកបានមែន គឺចប់ហើយ»។ 

ជាការវាយបកទៅអ្នកសរសេរលិខិតនោះ សម្ដេចធិបតី បានចោទជាសំនួរថា តើចំណេញអ្វីដល់ជាតិ ? បើតាមសម្ដេចធិបតី សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទំនាក់ទំនងជាមួយបារាំង និងប្រទេសផ្សេងៗនៅអឺរ៉ុប នៅតែប្រកាន់ជំហរក្នុងការគោរពអធិបតីភាព ឯករាជ្យភាព និងផលប្រយោជន៍ជាតិរួម។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការអញ្ជើញរបស់ប្រធានាធិបតីបារាំង គឺច្បាស់ណាស់គឺមានការវាយតម្លៃគ្រប់ជ្រុងជ្រោយរួចហើយ ដោយមើលឃើញអំពីប្រយោជន៍នៃទំនាក់ទំនងប្រទេសទាំងពីរ៕ ប្រភព៖ ក្រសួងព័ត៍មាន


Telegram