រាជធានីភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នារាត្រីថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ នៅលើផ្លូវថ្មើរជើង (Walk Street) ភ្នំពេញនៅតែបន្ដមានបងប្អូនប្រជាពលរដ្ឋសម្រុកមកលេងកម្សាន្ដច្រើន បើទោះបីហត់នើយដើរលេងថ្ងៃបុណ្យចូលឆ្នាំថ្មីបីថ្ងៃកន្លងមកយ៉ាងណាក្ដី។ ដោយមូលហេតុផ្លូវថ្មើរជើង (WalkStreet) មានការរៀបចំឱ្យមានរបាំបុរាណនារីកម្ពុជាសម្រាប់ថ្ងៃនេះផងដែរ ក៏មានរបាំល្បុក្កតោ សម្ដែងជូនបងប្អូនប្រជាពលរដ្ឋទស្សនាផងដែរ។

បន្ថែមពីនេះ ដោយសារនៅសល់ចំហាយពីថ្ងៃបុណ្យចូលឆ្នាំថ្មីនេះផង នៅយប់នេះដែរ ក៏មានប្អូនៗយុវវ័យបានបន្តលែងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត នៅផ្លូវថ្មើរជើង (Walk Street) យ៉ាងច្រើនកកកុញផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនៅថ្ងៃអាទិត្យទី២០ ខែមេសា ឆ្នាំ២០២៥។

លោកស្រីបានបន្តថា នៅថ្ងៃអាទិត្យនេះ វេលាម៉ោង៧យប់ក៏មានរបាំល្បុក្កតោ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ គឺកាលពីថ្ងៃសៅរ៍ ក៏មានបងប្អូនប្រជាពលរដ្ឋ ពិសេសយុវវ័យនៅតែបន្តលេងល្បែងប្រជាប្រិយរបស់យើង ដូចជាលោតកៅស៊ូ លាក់កន្សែង និងរាំលេងកម្សាន្ត នៅផ្លូវថ្មើរជើង (Walk Street) មុខបរមរាជវាំងដដែល ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សូមបញ្ជាក់ថា តាមការចង្អុលបង្ហាញពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ មហោរី និងរបាំប្រពៃណី រាំវង់ សៀករហ័សកម្ម ចាប៉ីសហគមន៍ បណ្ណាល័យចល័ត។ល។ ពោលគឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ (Walk Street) តែងមានការផ្លាស់ប្តូររបាំប្រពៃណីជានិច្ច។ ជាមួយគ្នានេះ ការលក់ដូរម្ហូបអាហារក៏មានការផ្លាស់ប្តូរ និងកើនឡើងផងដែរ។ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការ២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕




