យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គំរថយន្ត Ford របស់ក្រុមហ៊ុន RMA (Cambodia) ក្នុងខេត្តពោធិ៍សាត់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលការណ៍ហាមឃាត់ការនាំចូលរថយន្តជជុះ (រថយន្តមួយទឹក) ឡើយ ដើម្បីបង្ខំប្រជាពលរដ្ឋឱ្យទិញរថយន្តថ្មី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដោះស្រាយបញ្ហានេះ គឺត្រូវធ្វើឡើងតាមរយៈការលើកទឹកចិត្តឱ្យមានការបង្កើតក្រុមហ៊ុនផលិត និងដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា ដែលនឹងផ្តល់ជម្រើសរថយន្តថ្មីដែលមានតម្លៃសមរម្យ និងគុណភាពល្អដល់ប្រជាពលរដ្ឋ។
«ខ្ញុំមិនចាំបាច់ដាក់គោលការណ៍ហាមមិនឱ្យនាំចូលឡានជជុះចូលនោះទេ ដើម្បីបង្ខំមនុស្សឱ្យទិញឡានថ្មីនោះទេ គឺយើងបើកជម្រើសឱ្យប្រជាពលរដ្ឋ។ ចឹងដើម្បីឱ្យគាត់មានលទ្ធភាពទិញឡានថ្មីប្រើកាត់បន្ថយបរិស្ថាន គឺត្រូវបង្កើតជម្រើសតាមទីផ្សារសេរីឱ្យគាត់ ត្រូវបង្កើតជម្រើសឡានថ្មី មានតម្លៃសមរម្យ គុណភាពល្អ ឱ្យប្រជាពលរដ្ឋយើងទិញ» សម្តេចធិបតីបានបញ្ជាក់។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ខណៈដែលប្រទេសមួយចំនួនក្នុងតំបន់អាស៊ានបានហាមឃាត់ការនាំចូលរថយន្តមួយទឹក កម្ពុជាវិញបានជ្រើសរើសយកវិធីសាស្រ្តផ្សេង ដោយផ្តោតលើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដែលនាំចូលឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាព។
ការលើកឡើងនេះឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគិតគូរពីផលប្រយោជន៍ និងជម្រើសរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មរថយន្ត ដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
