ថ្លែងពីប្រទេសបារាំងក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគុសបញ្ជាក់ថា សម្តេចក៏មិនជឿថា មន្រ្តីរាជរដ្ឋាភិបាលល្អទាំងអស់នោះទេ ដូច្នេះហើយបានត្រូវមានអភិក្រមទាំង៥ ហើយការដែលដកអភិបាលក្រុងកែប គឺដោយសារតែការរំលោភអំណាច ដែលត្រូវអនុវត្តអភិក្រមទី៥។
ឆ្លៀតនាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺបានចំណាយថវិកា ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ១លាន៥សែននាក់។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ឆ្នាំ២០២៤នេះ សម្តេចនឹងមិនឱ្យរើសមន្រ្តីថ្មីនោះទេ ហើយមួយវិញទៀត កងកម្លាំងប្រដាប់អាវុធ ទាំងទាហាន និងប៉ូលិស បើមានប្រើប្រាស់គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យជនរួមជាតិរួមគ្នាកសាងសមិទ្ធផលជាតិ និងសុខសន្តិភាព កុំឱ្យមានសង្គ្រាមកើតឡើងជាថ្មី និងបានបញ្ជាក់ថា ទិវាសន្តិភាព គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងឡាយណា ដែលស្រលាញ់សន្តិភាព និងស្អប់សង្គ្រាម៕ ប្រភព៖ ក្រសួងព័ត៍មាន