បារាំង កោតសរសើរចំពោះជំហរកម្ពុជា នៅអង្គការសហប្រជាជាតិ ទាក់ទងនឹងសង្គ្រាមឈ្លានពាន ដែលដឹកនាំដោយរុស្ស៊ី ទៅលើអ៊ុយក្រែន
ព័ត៌មានជាតិ
235

បារាំង បានរំលឹកឡើងវិញនូវការកោតសរសើររបស់ខ្លួន ចំពោះជំហរកម្ពុជានៅអង្គការសហប្រជាជាតិ ទាក់ទងនឹងសង្គ្រាមឈ្លានពាន ដែលដឹកនាំដោយរុស្ស៊ី ទៅលើអ៊ុយក្រែន ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ។ នេះបើយោងតាមសេចក្តីសេចក្តីថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។

សេចក្តីថ្លៃងការណ៍ដដែលនោះ បានបន្តថា បារាំង និងកម្ពុជា បានរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់នូវគោល ការណ៍ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យភាព រួមមានសេចក្ដីសម្រេចចិត្តចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ សេចក្តីសម្រេចចិត្តចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងសេចក្តីសម្រេចចិត្តចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

ជាមួយគ្នានោះ កម្ពុជា ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់បារាំងដើម្បីសន្តិភាព និងសន្តិសុខសម្រាប់ទាំងអស់គ្នាទាក់ទងនឹងវិបត្តិនៅមជ្ឈិមបូព៌ា ដែលភាគីទាំងពីរបានអំពាវនាវឱ្យមានបទឈប់បាញ់យូរអង្វែងជាបន្ទាន់ និងឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។

ភាគីទាំងពីរ បានរំលឹកពីសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងអំពាវនាវឱ្យមានការសម្របសម្រួលក្នុងការផ្តល់ជំនួយ ក៏ដូចជាវិធានការបន្ទាន់នានា ដើម្បីធានានូវការទទួលបានជំនួយមនុស្សធម៌ពេញលេញ ដោយសុវត្ថិភាព និងគ្មានការរារាំង ព្រមទាំងបញ្ចៀសនូវការបះបោរនានាក្នុងតំបន់។ ភាគីទាំងពីរ ក៏បានរំលឹកពីភាពចាំបាច់ក្នុងការប្រឹងប្រែងចាប់ពីឥឡូវទៅ ដើម្បីបើកផ្លូវនយោបាយ និងបានបញ្ជាក់ឡើងវិញ អំពីការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះដំណោះស្រាយរដ្ឋពីរ ដែលជាដំណោះស្រាយត្រឹមត្រូវ និងយូរអង្វែងតែមួយគត់ ដើម្បីឆ្លើយតបទៅនឹងសិទ្ធិរបស់ប្រជាជនអ៊ីស្រាអែលក្នុងការទទួលបាននូវសន្តិសុខ និងសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន ដែលចង់បាននូវរដ្ឋឯករាជ្យរស់នៅប្រកបដោយសន្តិភាព និងសន្តិសុខជាមួយអ៊ីស្រាអែល។

សូមបញ្ជាក់ជូនថា ក្នុងកិច្ចពិភាក្សាខាងលើ កម្ពុជា និងបារាំង បានអះអាងជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ក្នុង និងការហោះហើរឆ្លងកាត់លើសមុទ្រចិនខាងត្បូង ព្រម ទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ទទួលស្គាល់ជាសាកលនៃច្បាប់អន្តរជាតិ។ ជាមួយគ្នានោះភាគីទាំងពីរ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ាន និងចិន ក្នុងការអនុវត្តសេចក្ដីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) និង ឈានទៅបញ្ចប់ការចរចាក្នុងការបង្កើតក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងស្របតាមច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (United Nations Convention on the Law of the Sea - UNCLOS) ឆ្នាំ១៩៨២។

គួរបញ្ជាក់ផងដែរថា ក្នុងជំនួបនោះ បារាំង និងកម្ពុជា បានឯកភាពលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅសម្រេចបាននូវ ភាពជា ដៃគូយុទ្ធសាស្ត្រ ដោយធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ៕ ប្រភព៖ ក្រសួងព័ត៍មាន 


Telegram